(ជប៉ុន)៖ កីឡាករវាយតេន្នីសលំដាប់លេខ១ នៅលើពិភពលោក Novak Djokovic បានចាកចេញពីព្រឹត្តិការណ៍ Tokyo Games ហើយ នាថ្ងៃសៅរ៍នេះ ដោយមិនទទួលបានមេដាយនោះទេ សម្រាប់ព្រឹត្តិការណ៍ Olympics លើកទី៣ ជាបន្តបន្ទាប់គ្នា, ដោយបានដកខ្លួន ចេញពីការប្រកួតវាយជាគូរបស់លោក ជាមួយនឹងការរងរបួសស្មាភ្លាមៗ បន្ទាប់ពីចាញ់មេដាយសំរឹទ្ធ ទៅកាន់កីឡាករ Pablo Carreno Busta របស់អេស្ប៉ាញ នៅក្នុងការប្រកួតវាយទោលផ្នែកបុរស, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ។

Djokovic បានទៅដល់ទីក្រុង Tokyo ក្នុងគោលបំណងក្លាយជាកីឡាករផ្នែកបុរសដំបូងគេ ដើម្បីឈ្នះការប្រកួតសំខាន់ៗទាំង៤ និងមេដាយមាស នៅក្នុងឆ្នាំប្រតិទិនដូចគ្នា។ បន្ទាប់ពីទទួលបានជ័យជម្នះ នៅក្នុងព្រឹត្តិការណ៍ Australian Open, French Open និង Wimbledon ។

ប៉ុន្តែគោលបំណងរបស់លោក ត្រូវបានបញ្ចប់ បន្ទាប់ពីលោកត្រូវបានវាយយកឈ្នះ ដោយកីឡាករលំដាប់ទី៥ សញ្ជាតិអាល្លឺម៉ង់ Alexander Zverev ក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃសុក្រ។

ការដកខ្លួនរបស់កីឡាករ Djokovic ជាមួយនឹងដៃគូ គឺកីឡាការិនី Nina Stojanovic, នៅថ្ងៃសៅរ៍នេះ លទ្ធផលស្វ័យប្រវត្តិមេដាយសំរឹទ្ធ បានទៅលើក្រុមវាយជាគូរបស់អូស្ត្រាលី គឺកីឡាការិនី Ash Barty និងកីឡាករ John Peers, ជាមេដាយវិញ្ញាសារវាយតេន្នីសលើកដំបូង សម្រាប់ប្រទេសរបស់ពួកគេ គិតចាប់តាំងពីឆ្នាំ២០០៤៕