(ភ្នំពេញ)៖ ប្រជាពលរដ្ឋជិត២០គ្រួសារ ដែលរស់នៅតាមបណ្តោយផ្លូវបេតុង១ខ្សែ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចោទប្រកាន់ថា ក្រុមហ៊ុនឯកជនយកចិញ្ចើមផ្លូវរដ្ឋមួយខ្សែ ដែលពួកគាត់កំពុងរស់នៅ ធ្វើអាជីវកម្មជួល និងលក់ដូរទៅឲ្យអាជីវករសង់តូបលក់ដូររាប់សិបតូប។ ពួកគាត់ទទូចស្នើសុំឲ្យអាជ្ញាធរមានចំណាត់ការរៀបចំសណ្តាប់ធ្នាប់រៀបចំរំដោះផ្លូវនិងចិញ្ចើមផ្លូវរដ្ឋ១ខ្សែនេះផង ដែលបង្កផលអាក្រក់ កកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ ភាពក្តៅក្រហាយ ក្នុងការរស់នៅរបស់ប្រជាជនយ៉ាងខ្លាំង។

ប្រជាពលរដ្ឋបានឲ្យដឹងនៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា ក្រុមហ៊ុន បានយកចិញ្ចើម និងចំណីផ្លូវរដ្ឋជាកម្មសិទ្ធិផ្ទាល់ខ្លួនធ្វើជាអាជីវកម្មជួល និងលក់ដូរឲ្យអាជីវករផ្សេងទៀតលក់លើផ្លូវស្ទះរាល់ថ្ងៃ។ ដោយចន្លោះនីមួយៗជួល ក្នុងតម្លៃចាប់ពី៥០ដុល្លារទៅ១២០ដុល្លារ ក្នុង១ខែថែមទាំងសង់តូបជាច្រើនរាប់សិបតូបហូរហែរ នៅលើចិញ្ចើមផ្លូវ លើលូរ និងកន្លែងខ្លះទៀត ត្រូវបានជួលឲ្យលក់នៅលើផ្លូវថែមទៀតផង។

ប្រជាពលរដ្ឋបានបន្តថា បញ្ហាដែលប្រឈមជាងគេ គឺផ្លូវរួចតូចធ្វើឲ្យមានការកកស្ទះផ្លូវ ការស្ទះផ្លូវ គឺពេលព្រឹក និងពេលល្ងាច រាល់ការស្ទះម្តងៗរាប់ម៉ោងដោយយានជំនិះគ្រប់ប្រភេទមិនអាចធ្វើដំណើរបានឡើយ សូម្បីតែការធ្វើដំណើរថ្មើរជើងក៏ពិបាក ធ្វើដំណើរដែរ ដែលធ្វើឲ្យពួកគាត់មានការលំបាកជាខ្លាំង ក្នុងការធ្វើដំណើរចេញចូលនៅក្នុងលំនៅដ្ឋានប្រកបមុខរបរផ្សេងៗ ការកកស្ទះនេះបង្កហានិភ័យយ៉ាងខ្លាំងគឺអាចចម្លងកូវីដ១៩ ថែមទៀតផង។

ក្រុមប្រជាពលរដ្ឋទាំងអស់ បានទទូចស្នើឲ្យអាជ្ញាធរភូមិសង្កាត់ អភិបាលខណ្ឌពោធិ៍សែនជ័យ ជួយចុះមករៀបចំសណ្តាប់ធ្នាប់សូមឲ្យមានចំណាត់ការរុះរើតូបលក់ដូរលើចិញ្ចើមផ្លូវ លើលូរទាំងអស់ កុំឲ្យមានការលក់ដូរបែបនេះតទៅទៀតនោះទេ។

អាជីវករដែលលក់ដូរខាងលើ បានឲ្យដឹងថា ពួកគាត់ខ្លះបានជួលផ្ទាល់ពីខាងអ្នកគ្រប់គ្រងក្រុមហ៊ុន ក្នុងតម្លៃចាប់ពី៤០ដុល្លារ ដល់៧០ដុល្លារ ក្នុង១ខែអ្នកខ្លះទៀតទិញដាច់ក្នុងតម្លៃចាប់ពី៥០០០ដុល្លារ ទៅ១០០០០ដុល្លារ រួចជួលតឲ្យអ្នកផ្សេងបន្តក្នុងតម្លៃ១២០ដុល្លារ ដល់១៨០ដុល្លារ ទៅតាមការលក់ដូរអាជីកម្មតូចរ ឬធំ៕