(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រីនៃកម្ពុជា បានរំឮកឡើងថា ប្រសិនបើកាលនោះ ខ្ញុំជឿសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ពេលនេះកម្ពុជានឹងលឿនជាងពេលនេះយ៉ាងហោចណាស់មុន១ខែ លើដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ។

ការរំឮកបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ លើកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានរំឮកយ៉ាងដូច្នេះថា៖ «បើខ្ញុំជឿទៅលើសម្តេចពិជ័យសេនា ទៀ បាញ់ យើងអាចដើរលឿនបានមុន ១ខែ និយាយឱ្យត្រង់ សម្តេចពិជ័យសេនា គាត់ចាក់ខ្លួនឯង គាត់ចាក់មុនតែម្តង ដើម្បីពិសោធន៍ ប៉ុន្តែ ខ្ញុំដឹងទៀតមុននឹងសម្តេចពិជ័យសេនា ចាក់គាត់ឱ្យកូនប្រុសគាត់ចាក់ និងមានមនុស្សមួយចំនួនទៀតចាក់ ពេលហ្នឹងកងទ័ពចិន បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៉ីណូហ្វាម ឱ្យមកកម្ពុជា....!»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានរំឮកឱ្យដឹងថា៖ «នាពេលនោះខ្ញុំបានប្រាប់ទៅសម្តេចពិជ័យសេនាថា កម្ពុជាទទួលយកដែលត្រូវបានទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ នេះជាសម្តីដើមរបស់ខ្ញុំ គឺដូច្នេះ ថាកម្ពុជា ទទួយកតែវ៉ាក់សាំងណាដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ជាគោលការណ៍វាដូច្នោះ ប៉ុន្តែ ក្រោយយើងឃើញថាប្រទេសនានា គេបានប្រើប្រាស់វ៉ាក់សាំងចាក់នៅក្នុងប្រទេសរបស់គេ ដោយមិនទាន់មានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោកទេ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា សម្រាប់វ៉ាក់សាំងចិនវិញ ទាំងប្រភេទស៊ីណូហ្វាម ទាំងស៉ីណូវ៉ាក់ Sinovac ដែលបានផ្តល់ឱ្យកម្ពុជា គឺរដ្ឋបាលភិបាលចិន បានចាក់ទៅលើប្រជាពលរដ្ឋរបស់ខ្លួនហើយ ព្រមទាំងបាននាំចេញទៅក្រៅប្រទេស ហើយប្រទេសដែលប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន នៅក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនច្រើន ក៏ចាក់វ៉ាក់សាំងរបស់ចិន ប្រទេសអារ៉ាប់ប៊ីសាអូឌីត ក៏ចាក់វ៉ាក់សាំងរបស់ចិន ព្រមទាំងប្រទេសដទៃទៀត បាននាំគ្នាចាក់វ៉ាក់សាំងរបស់ចិន ផងដែរ។

ជុំវិញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានហៅទូរស័ព្ទមកសម្តេចផ្ទាល់ ដោយពេលនោះសម្តេចបានអនុញ្ញាត ឱ្យសម្តេចពិជ័យសេនា ទៀ បាញ់ រៀបចំផ្ញើលិខិតទៅជូនរដ្ឋមន្ត្រីការពារប្រទេសចិន ខណៈសម្តេចផ្ទាល់ក៏បានរៀបចំលិខិតមួយ បញ្ជូនទៅនាយករដ្ឋមន្ត្រីចិន លី ខឺជាំង ជុំវិញបញ្ហានាំយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីមកចាក់ជូនប្រជាពលរដ្ឋកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «អញ្ចឹងយើងដើរយឺត មួយជំហានអាចថាយឺតបន្តិច ប៉ុន្តែ បើនិយាយប្រៀបធៀបមានន័យថាកម្ពុជា លឿនហើយ ប៉ុន្តែ បើខ្ញុំជឿសម្តេចពិជ័យសេនា ទៀ បាញ់ យើងអាចដើរលឿនមុននឹង១ខែ»

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ពេលនោះសម្តេចក៏យកការសម្រេចដោយឱ្យក្រសួងសុខាភិបាល ចាប់ផ្តើមទទួលស្គាល់វ៉ាក់សាំងស៊ីណូហ្វាម ដើម្បីប្រើប្រាស់នៅកម្ពុជា តាមទម្រង់បែបបទ។ សម្តេចតេជោបានអះអាងថា សម្រាប់រឿងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ គឺត្រូវបានធ្វើឡើងដោយគិតគូរយ៉ាងម៉ត់ចត់បំផុត។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថាទៀត ត្រូវនិយាយឱ្យច្បាស់គឺកម្ពុជា ត្រូវយកចិនជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្អង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឯពីប្រភពដទៃទៀត ជាប្រភពគាំទ្រ ចំណុចនេះបានវិវត្តន៍កើតឡើងដូចជាការគិតរបស់កម្ពុជា។

សូមរំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា បានផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម បានមកដល់កម្ពុជាចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋចំនួន ៥០ម៉ឺននាក់។ នេះគឺជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងគេបំផុតរបស់ចិនបានមកប្រទេសកម្ពុជា នាដំណាកកាលកម្ពុជា កំពុងតែជួបវិបត្តិរាតត្បាតជំងឺកូវីដ១៩។

បច្ចុប្បន្ន កម្ពុជាមានវ៉ាក់សាំងកូវីដ១៩ ជិត១៩លានដូសហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ហើយបើគិតទាំងវ៉ាក់សាំងកូវីដ១៩ ដែលនឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត នៅក្នុងខែសីហានេះ កម្ពុជា នឹងមានវ៉ាក់សាំងសរុបជិត ២៦.៥លានដូស។ ក្នុងចំណោមវ៉ាក់សាំងសរុបនេះ មានប្រមាណ២០.៥លានដូស ជាវ៉ាក់សាំងដែលកម្ពុជា បញ្ជាទិញពីប្រទេសចិន។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៧,៣០៤,៧៥៦នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៧៣.០៥%៕