(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឲ្យក្រុមអ្នកមានសញ្ជាតិ២ ដែលតែងចម្អកឱ្យកម្ពុជារឿង មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឲ្យសួរទៅមេដឹកនាំប្រទេសដែលខ្លួនកំពុងរស់នៅដូចជានៅអឺរ៉ុប និងអាមេរិក ថាតើហេតុអ្វីក៏មានមនុស្សស្លាប់ដោយកូវីដ១៩ច្រើនម្ល៉េះ។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់បែបនេះនៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅវិមានសន្តិភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «គ្មាននរណាម្នាក់លើលោកនេះ អាចគេផុតពីការឆ្លង និងការស្លាប់។ យើងមិនយកប្រទេសដទៃ មកបិទបាំងភាពកម្សោយរបស់ខ្លួនទេ ក៏ប៉ុន្តែមានអ្នកខ្លះ គេបានធ្វើអត្ថាអធិប្បាយ សម័យដែលយើងអត់មានមនុស្សឆ្លង អត់មានមនុស្សស្លាប់ គេថាសុំឲ្យមករៀនពីកម្ពុជា ព្រោះកម្ពុជាអត់មានមនុស្សស្លាប់ ដូច្នេះមកសូមមករកថ្នាំពីកម្ពុជា ដែលជាការនិយាយផ្លែផ្កាឲ្យយើង។ ដល់ពេលឥឡូវនេះ ឃើញយើងមានឆ្លង និងស្លាប់ គេថាកម្ពុជាស្លាប់ច្រើនណាស់ ឆ្លងច្រើនណាស់»

«ប៉ុន្តែខ្ញុំសូមស្នើសុំដល់អ្នកដែលមានសញ្ជាតិ២ ហើយកំពុងរស់នៅប្រទេស ដែលអ្នកកំពុងរស់នៅ។ ដូចជានៅអាមេរិក នៅបារាំង នៅអាល្លឺម៉ង់ នៅស្វីស ឬនៅឯណាក៏ដោយ គួរតែសួរមេដឹកនាំនៃប្រទេសនោះ។ ឧទាហរណ៍ថា នៅប្រទេសបារាំង ហេតុអ្វីបានជាមិនសួរប្រធានាធិបតីបារាំង ថាហេតុអ្វីបានជាប្រធានាធិបតីឯង បណ្តែតបណ្តោយឲ្យមនុស្សស្លាប់ច្រើនម្ល៉េះ។ ហេតុអ្វីបានជាសួរតែកម្ពុជា»

ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អ្នកអត្ថាធិប្បាយទាំងនោះ គិតឡើងវិញ ព្រោះពួកគេសុទ្ធតែជាអ្នក ដែលធ្លាប់រៀនសូត្រក្រោមដំបូលសាលារៀន ដែលបង្កើតឡើងដោយសារសម្តេច។ ដូចពាក្យមួយឃ្លាថា «ផឹកទឹកឲ្យនឹកដល់ប្រភព ជ្រកម្លប់ឲ្យនឹកដល់អ្នកដាំ»

សូមជម្រាបថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៩៨, ០១០,៩៦៧នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,២២៤,១២៤នាក់ និងជាសះស្បើយឡើងវិញ ១៧៨,៩០៧,០៦៣នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៥,៦៨៨,៥០៦នាក់ ស្លាប់ចំនួន ៦២០,០៦៤នាក់ និងជាសះស្បើយចំនួន ២៩,៦៥២,០៣៨នាក់។

បារាំងវិញ ឈរនៅលេខរៀងទី៥ ដែលមានអ្នកឆ្លងសរុប ៦,១០៣,៥៤៨នាក់ ស្លាប់សរុប ១១១,៨២៤នាក់ និងជាសះស្បើយ ៥,៦៩៦,៦១៩នាក់។ ដោយឡែក គិតត្រឹមកាលបរិច្ឆេទខាងលើ កម្ពុជារកឃើញអ្នកឆ្លងសរុបចំនួន ៧៧,២៤៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុប ៦៩,៩៩៦នាក់ និងស្លាប់សរុបចំនួន ១,៣៩៧នាក់៕