(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ពីប្រភពចំណូលចំនួន៥ប្រភេទ ដែលបានជួយទ្រទ្រង់ដល់ការចំណាយ របស់រាជរដ្ឋាភិបាល ក្នុងបរិបទកូវីដ១៩ និងធានាបាននូវសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាមានប្រភពចំណូល៥ សម្រាប់យកមកចំណាយរបស់រាជរដ្ឋាភិបាល ដែលប្រភពចំណូលទី១៖ ចំណូលចរន្តក្នុង១ខែជាមធ្យមមានចំនួន ៤០០លានដុល្លារ ដែលអាចទ្រទ្រង់នូវការចំណាយ។ ដោយក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ ចំណូលគយ និងពន្ធដារទទួលបានចំនួន ៣០៦១លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើទោះជាកម្ពុជាជួបវិបត្តិកូវីដ១៩ ក្តីក៏កម្ពុជាមិនស្នើសុំដល់ម្ចាស់ជំនួយសុំពន្យារពេលសងនោះទេ យើងនៅតែបន្តសងធម្មតា ហើយនៅឆ្នាំនេះកម្ពុជា ក៏មិនទាន់ចុះហត្ថលេខា លើហិរញ្ញប្បទានពីបរទេសនោះដែរ។

ប្រភពចំណូលទី២ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជាសាច់ប្រាក់សន្សំបានជាង៣ពាន់លានដុល្លារ មុនពេលនៃការមកដល់នៃជំងឺកូវីដ១៩ ដែលរហូតមកដល់ពេលនេះ រាជដ្ឋាភិបាលបានចាយអស់ជាង១ពាន់លានដុល្លារទៅហើយ នៅសល់សាច់ប្រាក់២ពាន់លានដុល្លារ ដែលមិនបានទៅរំខានដល់ទុនបម្រុងអន្តរជាតិ ២០ពាន់លានដុល្លារ និងមាសរាប់សិនតោននោះទេ។

ប្រភពចំណូលទី៣ គឺជាថិវការបស់ឧបត្ថម្ភរបស់សប្បុរសជន ពិសេសព្រះមហាក្សត្រ និងសម្តេចម៉ែ សម្រាប់ប្រើប្រាស់ប្រឆាំងកូវីដ១៩ និងគ្រោះធម្មជាតិដោយទឹកជំនន់ផងដែរ ដែលរហូតមកដល់ពេលនេះទទួលជាង១៤០លានដុល្លារ។

ប្រភពចំណូលទី៤ គឺការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលទទួលបានជាជំនួយ រួមមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, ធនាគារពិភពលោក (World Bank) ធនាគារអឺរ៉ុបផងដែរ ដែលជាផ្នែកមួយនៃថវិកាសម្រាប់អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច។

ប្រភពចំណូលទី៥ គឺជំនួយទ្វេភាគីនៃប្រទេសជាមិត្តភក្តិ ដូចជាប្រទេសចិន បានផ្តល់ជាសម្ភារបរិក្ខារពេទ្យ វ៉ាក់សាំង, ប្រទេសជប៉ុន ផ្តល់ជារថយន្ត ថ្នាំពេទ្យ សម្ភារបរិក្ខាពេទ្យ វ៉ាក់សាំង, សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយ១១លានដុល្លារ បូករួមជាមួយវ៉ាក់សាំងជាង១លានដូស, ប្រទេសអង់គ្លេស ដែលនឹងផ្តល់វ៉ាក់សាំងដល់កម្ពុជា, អូស្ត្រាលី និងប្រទេសជិតខាងកម្ពុជា រួមមានវៀតណាម និងប្រទេសថៃផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដំបូងឡើយព្យាការណ៍ថា នឹងមានកំណើន៤.១ភាគរយ នៅឆ្នាំ២០២១ ប៉ុន្តែការរំខានរបស់ជំងឺកូវីដ១៩ យើងព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹមតែ ២.៥ភាគរយប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ក្នុងអំឡុងពេលជួបវិបត្តិនៃជំងឹកូវីដ១៩នេះ សេដ្ឋកិច្ចរបស់កម្ពុជា ពឹងផ្អែកខ្លាំងទៅលើវិស័យកសិកម្ម។ សម្តេចបញ្ជាក់ថា ទោះបីកម្ពុជាជួបវិបត្តិក្តី តែកម្ពុជាមិនបារម្ភពីការខ្វះខាតស្បៀងនោះទេ ដោយសម្តេចបញ្ជាក់ថា «ធ្វើយ៉ាងណាកុំឲ្យខ្វះអង្ករច្រកឆ្នាំង»

សម្តេចបញ្ជាក់ថា ការនាំចេញផលិតផលកសិកម្ម នៅរយៈពេលប៉ុន្មានខែដើមឆ្នាំនេះ មានកើនឡើងលើសការរំពឹកទុក ថ្វីត្បិតតែការនាំចេញអង្ករមានការធ្លាក់ចុះបន្តិច ប៉ុន្តែការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងទៅកាន់ប្រទេសអារ៉ាប់រួម មានកំណើនរហូតដល់២០០ភាគរយ។ ជាមួយគ្នានេះ ការនាំចេញគ្រាប់ស្វាយចន្ទី កើនឡើងជិត៣០០ភាគរយ រួមទាំងការនាំចេញស្វាយ ចេក ដែលសរុបនៃការនាំចេញទាំងអស់ មានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។

ក្រៅពីវិស័យកសិកម្ម សម្តេចតេជោ ហ៊ុន សែន មើលឃើញវិស័យឧស្សាហកម្មទុនតូច និងមធ្យម នៅតែជាចំណុចស្នូលក្នុងជួយកំណើនសេដ្ឋកិច្ច ដែលទាមទារឲ្យរកវិធីក្នុងការជំរុញកំណើន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹកថា «នៅពេលដែកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាក់គ្របដណ្តប់ទូទាំងប្រទេសហើយនោះ នឹងធ្វើឲ្យទេសចរណ៍អាចនឹងបើកឡើងវិញ ក្នុងពេលណាមួយ [....] ខ្ញុំបន់ស្រន់ឲ្យគេរកវ៉ាក់សាំងចាក់បានក្មេងអាយុ១០-១១ឆ្នាំថែមទៀត ដើម្បីឲ្យបានឲ្យ១៣លាននាក់ ស្មើនឹង៨១ភាគរយ ដែលនៅពេលនោះអាចបើកសាលារៀនក៏បាន បើកសេដ្ឋកិច្ចឡើងវិញ ព្រោះវាទៅជាជំងឺផ្តាសាយធម្មតា»

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគត់សម្គាល់ឃើញថា បើទោះបីកម្ពុជាមានការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅតែមានការអនុម័តនូវគម្រោងវិនិយោគថ្មីៗមិនដាច់៕