(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ ជាថ្ងៃនៃការចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយនៅថ្ងៃទី១នេះ គេបានសង្កេតឃើញកុមារ និងយុវវ័យយ៉ាងច្រើនលើសលប់ បានសម្រុកមកទទួលការចាក់វ៉ាក់សាំង ទៅតាមការចាត់ចែងរបស់អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងសុខាភិបាលពេញៗមណ្ឌល។

នៅព្រឹកថ្ងៃទី១ ខែសីហានេះ ដែលជាថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងជូនកុមារ និងយុវ័យនេះ គេឃើញអាជ្ញាធរខណ្ឌ សង្កាត់ បានយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេស គឺការរៀបចំសណ្តាប់ធ្នាប់ និងជំរុញឱ្យរក្សាគម្លាតសុវត្ថិភាពសង្គមកុំឱ្យរីករាលដាលជំងឺកូវីដ១៩។

ជុំវិញការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យខាងលើនៅព្រឹកថ្ងៃទី១ ខែសីហានេះ នៅទាំង៣៩ទីតាំង បានដំណើរការទៅដោយរលូន។

ចំណែកអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានព្រមានរួចហើយទៅអាជ្ញាធរខណ្ឌសង្កាត់ភូមិ គឺមិនអនុញ្ញាត្តឱ្យមានជាដាច់ខាតចំពោះការយកលុយជាថ្នូរនៃការផ្តល់ប័ណ្ណចាក់សាំងជូនកុមារ។ បើមានករណីបែបនេះ និងមានបញ្ហាប្រឈមជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញពោល គឺរដ្ឋបាលរាជធានីភ្នំពេញ មិនមានការយោគយល់ឡើយ។

គួរបញ្ជាក់ថា បើយោងតាមជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ដូសទី១ ធ្វើឡើងរយៈពេល១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់១៤ ខែសីហា ឆ្នាំ២០២១ និងដូសទី២ ចាប់ផ្តើមពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។

ចំពោះកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវយកមកជាមួយនូវឯកសារមួយចំនួនដូចជាសំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។

យុវវ័យចាប់ពីអាយុ១៥ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែនភ្ជាប់មកជាមួយការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំដល់អាយុ១៧ឆ្នាំ ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជាលាយលក្ខណ៍អក្សរពីសំណាក់មាតាបិតានិងអាណាព្យាបាលក្នុងករណីកុមារ ឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតាបិតា ឬអាណាព្យាបាលតម្រូវឱ្យមាតាបិតា និងអាណាព្យាបាលបំពេញនូវលិខិតព្រមព្រៀងនេះ ជាលាយលក្ខណ៍អក្សរហើយផ្ញើតាមប្រព័ន្ធអនឡាញមកបុត្រធីតា ឬសាច់ញាតិ ដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់។

អ្នកគ្រប់គ្រងចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌល។ ក្នុងករណីកុមារ និងយុវវ័យនោះជាជនអនាថា ដែលពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដត្រូវមានលិខិតបញ្ជាក់ចេញដោយអាជ្ញាធរមូលដ្ឋាន៕