(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ បានចុះពិនិត្យសកម្មភាព រៀបចំសណ្តាប់ធ្នាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ដែលស្ថិតនៅមណ្ឌលសុខភាពទួលស្វាយព្រៃ ក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃ២ ដោយចាប់ផ្ដើមចាក់ដូសទី១ ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះ និងការចាក់ដូសទី២ ពីនៅថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។

នាឱកាសនោះ លោកអភិបាលខណ្ឌបឹងកេងកង សូមប្រជាពលរដ្ឋ ដែលនាំកូនចៅមកទទួលវ៉ាក់សាំង អញ្ជើញទំនាក់ទំនងជាមួយរដ្ឋបាលសង្កាត់នីមួយៗ ដែលបងប្អូនកំពុងរស់នៅ ដើម្បីទទួលយកលិខិតអញ្ជើញចាក់វ៉ាក់សាំង និងបំពេញបែបបទចាក់វ៉ាក់សាំង ព្រមទាំងភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន និងសៀវភៅស្នាក់ ឬសៀវភៅគ្រួសារផងដែរ។

លោក ធឹម សំអាន បានបន្តថា ដូចនេះ សូមនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិតយើង និងដើម្បីបង្កើតភាពសាំក្នុងសហគមន៍។ សូមមាតាបិតា ឬអាណាព្យាបាលនាំកុមារ ឬក្មេងជំទង់ៗ ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ មកចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា និងសូមចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង៣កុំ»៕