(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសហាមមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេសមិនឱ្យយកប្រាក់ពីប្រជាពលរដ្ឋដែលទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ជាដាច់ខាត ក៏ដូចជាបានស្នើទៅកាន់មន្ទីរពេទ្យឯកជនទាំងឡាយសូមកុំឱ្យយកថ្លៃធ្វើតេស្តថ្លៃពេក ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការរីករាលដាលមេរោគកូវីដនេះបានទាន់ពេលវេលា។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដោយពិធីនេះបានធ្វើឡើងនាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅវិមានសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការធ្វើតេស្ត គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីគ្រប់គ្រងបានទាន់ពេលវេលា ហើយកន្លងទៅនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យវិស័យឯកជននាំចូលឧបករណ៍ធ្វើតេស្ត ប៉ុន្តែប្រជាជនក្រីក្រពុំមានលទ្ធភាពបង់ប្រាក់ថ្លៃធ្វើតេស្តឡើយ ដូច្នេះបញ្ហានេះរដ្ឋនៅបន្តទទួលខុសត្រូវ។

ជាមួយគ្នានោះ សម្ដេចតេជោ បានស្នើឱ្យក្រសួងសុខាភិបាលចែករំលែកនូវឧបករណ៍ធ្វើតេស្ត ទៅកាន់បណ្ដាមន្ទីរពេទ្យដែលនៅទីកន្លែងឆ្ងាយៗ និងចាំបាច់ក្នុងការធ្វើតេស្តជូនប្រជាពលរដ្ឋ។

សម្ដេចក៏មិនបានហាមឃាត់ប្រជាពលរដ្ឋដែលមានលទ្ធភាពទៅធ្វើតេស្តនៅមន្ទីរពេទ្យឯកជនដែរ ប៉ុន្តែសម្ដេចក៏បានស្នើដល់មន្ទីរពេទ្យឯកជនទាំងឡាយ សូមកុំឱ្យយកថ្លៃធ្វើតេស្តថ្លៃពេក ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការរីករាលដាលមេរោគកូវីដនេះបានទាន់ពេលវេលា។

សម្ដេចតេជោបានបន្តថា នៅលើពិភពលោកនេះមានប្រទេសមិនច្រើនទេ ដែលធ្វើតេស្តក៏អត់អស់លុយ ព្យាបាលក៏អត់អស់លុយ រាប់ទាំងព្យាបាលក៏អត់អស់លុយ ជនបរទេសចាក់វ៉ាក់សាំងនៅកម្ពុជាក៏អត់អស់លុយមួយសេន «ខ្មែរក្រ តែខ្មែរមានទឹកចិត្ត» ខណៈនៅប្រទេសក្នុងតំបន់ ធ្វើតេស្តត្រូវបង់លុយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់ការធ្វើតេស្តដោយគ្រូពេទ្យរបស់រដ្ឋ ដាច់ខាតអត់យកប្រាក់ សូមបញ្ជូនសារនេះឱ្យដល់ប្រជាពលរដ្ឋ»

សម្ដេចលើកឡើងទៀតថា ចំពោះការធ្វើតេស្តនេះត្រូវបែងចែកជា ២៖ ផ្នែករដ្ឋ ដាច់ខាតមួយសេនក៏មិនឱ្យយកប្រាក់ពីប្រជាពលរដ្ឋ មិនថាអ្នកមាន មិនថាអ្នកក្រ ប្រសិនបើយកប្រាក់ពីអ្នកជំងឺ ក៏មិនអាចឱ្យកម្ពុជាក្លាយជាអ្នកមានបានដែរ ដូច្នឹងយើងចាយដល់ទៅពាន់លានបាត់ទៅហើយ ឬក៏រាប់រយលានដុល្លារបាត់ទៅហើយ យើងបន្តចាយបន្តិចទៅទៀត ក៏វាមិនដួលរលំសេដ្ឋកិច្ចកម្ពុជាដោយសារការធ្វើតេស្តហ្នឹងទេ។ ឯចំពោះវិស័យឯកជន គឺគេត្រូវយកប្រាក់ហើយ ព្រោះគេក៏ទិញអស់ប្រាក់ដែរ ប៉ុន្តែស្នើសូមកុំឱ្យយកថ្លៃធ្វើតេស្តថ្លៃពេក។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រឱ្យប្រជាពលរដ្ឋតវ៉ាចំពោះក្រុមគ្រូពេទ្យរដ្ឋ ឬពេទ្យស្ម័គ្រចិត្តដែលយកឧបករណ៍រដ្ឋ ហើយយកប្រាក់ពីប្រជាពលរដ្ឋ ព្រោះទង្វើគឺខុសស្រឡះពីយន្តការធ្វើតេស្តរបស់រដ្ឋ៕