(ភ្នំពេញ)៖ ថ្លែងនៅក្នុងឱកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ ដល់ ១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដ៏រាបណាជំងឺកូវីដ១៩ មិនទាន់ចប់ ប្រទេសណាក៏ដោយ ក៏មិនត្រូវឌឺដាក់គេដែរ។

ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីមានប្រទេសមួយដែលសម្តេចមិនបញ្ចេញឈ្មោះ ចង់មកចែករំលែកបទពិសោធន៍ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដល់កម្ពុជា ខណៈប្រទេសខ្លួនកំពុងរងការវាយប្រហារដោយជំងឺកូវីដ១៩ យ៉ាងខ្លាំង។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដរាបណាកូវីដមិនទាន់ចប់ ប្រទេសណាក៏ដោយកុំឲ្យធ្វើអឿ ឌឺដាក់គេ។ ហើយចំណុចឈ្នះ ឬចាញ់ មិនមែនស្ថិតនៅក្នុងវិទ្យាសាស្ត្រទេ គឺស្ថិតក្នុងអភិបាលកិច្ចពូកែ ឬមិនពូកែ»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា បើប្រទេសទាំងអស់មិនទាន់សុវត្ថិភាពពីកូវីដ១៩ កម្ពុជាក៏មិនទាន់មានសុវត្ថិភាពដែរ។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងលើកឡើងថា ការដឹកនាំប្រទេសធ្វើសង្គ្រាមជាមួយកូវីដ១៩ មិនមែនអាស្រ័យប្រទេសនោះ មានវិទ្យាសាស្ត្រជឿនលឿនទេ ពោលគឺអាស្រ័យលើអភិបាលកិច្ចដឹកនាំ។ អភិបាលកិច្ចដឹកនាំ សម្តេចចង់សម្តៅដល់ការបង្កើតជាច្បាប់ និងយន្តការនានា ដើម្បីឲ្យប្រជាពលរដ្ឋ ចូលរួមជាមួយរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

សូមជម្រាបថា គិតត្រឹមម៉ោង ៨ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៩៨, ០១០,៩៦៧នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,២២៤,១២៤នាក់ និងជាសះស្បើយឡើងវិញ ១៧៨,៩០៧,០៦៣នាក់៕