(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាងថា សេវាចុះបញ្ជីពាណិជ្ជកម្ម សម្រាប់អ្នករកស៊ីអនឡាញ នៅក្រសួងពាណិជ្ជកម្ម មានតម្លៃសេវាសាធារណៈត្រឹមតែ២០ម៉ឺនរៀលប៉ុណ្ណោះសម្រាប់រូបវន្តបុគ្គល និង៤០ម៉ឺនរៀលសម្រាប់នីតិបុគ្គល ដែលមានសុពលភាពរយៈពេល២ឆ្នាំ។

បន្ថែមពីនោះទៀត លោកបានលើកឡើងថា កម្រៃនៃការចុះបញ្ជីនេះ គឺតិចតូចបំផុត ប៉ុន្ដែការផាកពិន័យមានលក្ខណៈធ្ងន់ធ្ងរ ដូច្នេះក្រសួងពាណិជ្ជកម្ម លើកទឹកចិត្ដទៅដល់ក្រុមហ៊ុន និងអ្នករកស៊ីតាមអនឡាញ មកចុះបញ្ជីនៅក្រសួងឲ្យបានគ្រប់ៗគ្នា។

ការអះអាងបែបនេះ ក្នុងឱកាសដែល លោក ប៉ែន សុវិជាតិ អញ្ជើញចូលរួម ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «ហេតុអ្វីអ្នកលក់តាមអនឡាញ ចាំបាច់ត្រូវទៅចុះបញ្ជី នៅក្រសួងពាណិជ្ជកម្ម?»

លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្រៃនៃការចុះបញ្ជី គឺយើងផ្ដល់សេវា២ឆ្នាំម្ដង ដែលមានន័យថា២ឆ្នាំ បានមកចុះបញ្ជីម្ដង [...] កម្រៃលិខិតអនុញ្ញាត គឺមានតម្លៃ២០ម៉ឺនរៀលប៉ុណ្ណោះ (រូបវន្តបុគ្គល) ដែលមានសុពលភាពចំនួន២ឆ្នាំ»

មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ផ្ដល់ប្រយោជន៍ដែលក្រុមហ៊ុន និងអ្នករកស៊ីតាមអនឡាញ បានមកចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម គឺទទួលបានប្រយោជន៍ទៅវិញធំធេង។

លោក ប៉ែន សុវិជាតិ ក្នុងនាមក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការដែលក្រសួងពាណិជ្ជកម្ម ចង់ឲ្យសាធារណជន និងធុរជន មកចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួង គឺក្នុងបំណងចង់ឲ្យក្រុមហ៊ុនទាំងអស់នោះ ក្លាយទៅជាក្រុមហ៊ុនមួយ ដែលមានអាជីវកម្មស្របច្បាប់។

លោកថា កម្រៃនៃការមកចុះបញ្ជីពាណិជ្ជកម្ម សម្រាប់អ្នករកស៊ីអនឡាញ នៅក្រសួងពាណិជ្ជកម្ម គឺមិនច្រើនទេ ហើយបែបបទនៃការជួយក្នុងការទទួល ឲ្យបងប្អូនធុរជនមកចុះបញ្ជី និងការផ្ដល់សេវាអាជ្ញាប័ណ្ណ គឺមានលក្ខណៈងាយស្រួល។

នាយកដ្ឋានចុះបញ្ជីនៃក្រសួងពាណិជ្ជកម្ម នឹងកំណត់កាលបរិច្ឆេទ ក្នុងការអនុវត្តច្បាប់ ដើម្បីផាកពិន័យ ទៅដល់អ្នករកស៊ីតាមអនឡាញ ដែលមិនបានមកចុះបញ្ជីត្រឹមត្រូវ ជាមួយក្រសួង។

គោលបំណង ដែលក្រសួងពាណិជ្ជកម្ម ជំរុញឲ្យអ្នកប្រកបរបរតាមអនឡាញ មកចុះបញ្ជីនៅពេលនេះ ដោយសារតែចង់ឲ្យការធ្វើអាជីវកម្ម តាមប្រព័ន្ធអនឡាញ ប្រព្រឹត្តឡើងប្រកបដោយទំនុកចិត្ត ដោយបង្កើនផលប្រយោជន៍ជាច្រើន ដល់ធុរជន ទាំងធុរជនរូបវន្ដបុគ្គល និងនីតិបុគ្គល ព្រមទាំងផ្ដល់ប្រយោជន៍ ដល់អ្នកប្រើប្រាស់៕