(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក ចំនួន៦០៩៦០០ដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅយប់០០៖៤០នាទីអាធ្រាត្រចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដែលចំនួននេះជាជំហានទី២ នៃជំនួយសរុប១លានដូសមកកាន់កម្ពុជា។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញទៅទទួលយកវ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់អាមេរិកនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់សាំង, សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លាន៦ម៉ឺន១០០ដូស (1,060,100) ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដោយជំនួយលើកទី១ ទទួលបានរួចហើយចំនួន ៤៥០,៥០០ដូស និងលើកទី២នេះ ចំនួន ៦០៩,៦០០ដូស។

ស្ថានទូតអាមេរិក បានប្រកាសថា អំណោយនេះគឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ៕