(តាកែវ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានបន្ដនាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកយាយ អាយុ១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

លោកយាយដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាឱកាសនេះ ឈ្មោះ ផាត់ ញ៉ែម អាយុ១០០ឆ្នាំ រស់នៅភូមិជ្រែ ឃុំជីខ្នា ស្រុកទ្រាំង ខេត្តតាកែវ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកយាយ ផាត់ ញ៉ែម ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់លោកយាយ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

លោកយាយ ផាត់ ញ៉ែម បើទោះបីអាយុ១០០ឆ្នាំក៏ពិតមែន ប៉ុន្ដែស្ថានភាពសុខភាពនៅមាំទាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្ការជំងឺកូវីដ១៩ ហើយលោកយាយផ្ទាល់ក៏បានទទួលនូវវ៉ាក់សាំងនេះ បូកទាំងអំណោយរបស់សម្ដេចថែមទៀត។

ឆ្លើយនឹងសំណួររបស់លោកស្រី ឱ វណ្ណឌីន ពាក់ព័ន្ធស្ថានភាពសុខភាពក្រោយចាក់វ៉ាក់សាំងនេះ លោកយាយបានរៀបរាប់ថា សុខភាពរបស់លោកយាយ គឺល្អប្រសើរទាំងអស់មិនមានអ្វីខុសប្លែកនោះទេ ពោលធម្មតាទាំងអស់ទាំងការហូបចុក និងការស្នាក់នៅប្រចាំថ្ងៃ៕