(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, រួមទាំងឥស្សរជនខ្មែរ៣រូបផ្សេងទៀត នឹងទទួលបានពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ពីសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA)។ នេះបើតាមសេចក្តីជូនដំណឹង ដែលផ្តល់ដោយ ក្រសួងព័ត៌មាន។

សហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA) នឹងប្រគល់ពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅសាលទី២-៣ នៃវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ។

ចំណែកសម្តេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជនខ្មែរ៣រូបទៀត ដូចជា លោក ញឹក ប៊ុនឆៃ, លោក ខៀវ កាញារីទ្ធ និង លោកឧកញ៉ា សៀង ណាំ នឹងត្រូវប្រគល់ដោយ UMA នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខាភ្នំពេញ៕