(ភ្នំពេញ)៖ សមាជលើកដំបូង នៃគណបក្សយុវជកម្ពុជា ដែលដឹកនាំដោយ លោក ពេជ្រ ស្រស់ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ។

តាមសំណើរបស់ លោក ពេជ្រ ស្រស់ ផ្ញើទៅកាន់អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា សមាជនេះ នឹងធ្វើឡើងរយៈពេល១ព្រឹក នៅលើវាលស្រែ ស្ថិតនៅភូមិជីពាង ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចាប់ពីម៉ោង៧៖៣០ ដល់ម៉ោង១២៖០០ព្រឹក។

លោក ពេជ្រ ស្រស់ បានអះអាងថា អង្គសមាជលើកដំបូង របស់គណបក្សយុវជននាពេលនេះ នឹងមានការចូលរួមពី មន្រ្តីដឹកនាំគ្រប់ជាន់ថ្នាក់ រួមទាំងសមាជិក សមាជិការបក្សប្រមាណ៥០០នាក់ មកពីទូទាំងប្រទេស ។

សូមជំរាបថា គណបក្សយុវជនចាប់ផ្តើមចេញជារូបរាង កាលពីចុងឆ្នាំ២០១៥ ស្របនឹងគណបក្សថ្មីមួយចំនួនបង្កើតឡើងដែរ។ ថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សនេះ រួមមាន លោក ពេជ្រ ស្រស់ ជាប្រធាន, លោក អ៊ុន វិសិទ្ធគុណ (អតីតសកម្មជនCNRP) ជាអនុប្រធានទី១, លោក អ៊ុង សាម៉េត អនុប្រធានទី២ និង លោក នួន ថា អតីសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច ជាអគ្គលេខាធិការ។

គណបក្សនេះ បានចុះបញ្ជីជាផ្លូវការ ហើយទទួលបានសុពលភាពស្របច្បាប់ ពីក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦៕