(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ទាំងស្រុងនូវបម្រាមគោចរពេលរាត្រី ដែលបានដាក់ដាក់ចេញឱ្យអនវុត្តនៅក្នុងរាជធានីភ្នំពេញ រយៈពេល២១ថ្ងៃកន្លងមក ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលបំប្លែងខ្លួនថ្មីឈ្មោះ Delta។ នេះបើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១

លោក ឃួង ស្រេង បានអះអាងថា សម្រាប់រាជធានីភ្នំពេញ អាជ្ញាធរបិទបញ្ចប់តែបម្រាមគោចរមួយប៉ុណ្ណោះ ដោយឡែកវិធានការផ្សេងៗទៀត ដូចជាការផ្អាកនូវអាជីវកម្មដែលមានហានិភ័យខ្ពស់ ការហាមជួបជុំដែលមានមនុស្សច្រើនចាប់ពី១៥នាក់ឡើងទៅ នៅតែរក្សាដដែល។

បិទបញ្ចប់បម្រាមគោចរពេលរាត្រីចាប់អនុវត្តពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១តទៅ។

វិធានការរដ្ឋបាល ដែលនៅបន្តក្នុងរាជធានីភ្នំពេញ នាពេលនេះមានដូចជា វិធានការផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលចំងឺកូវីដ១៩ ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញជាដើម។

ការផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សចាប់ពី១៥នាក់ឡើងទៅ ត្រូវអនុវត្តរហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដែលក្នុងនោះមានដូចជា៖
- សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ប៉ុន្តែ អាចធ្វើការបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញ
- អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
- រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា
- អាជីវកម្មម៉ាស្សា សូណា និងស្ទីមគ្រប់ប្រភេទ
- ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ
- រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ៕