(ភ្នំពេញ)៖ លោក សុខ តុញ ជំនួយការផ្ទាល់របស់លោកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនៅព្រឹកថ្ងៃនេះថា រថយន្តរបស់លោក សៀង ណាំ ត្រូវបានកម្លាំងអាវុធហត្ថ ដេញហើយកាក់ដំណើរចំនួន២លើក ដោយច្រឡំថាជារថយន្តដឹកឈើគ្រញូង។

ការកាក់រថយន្ត ឧកញ៉ា សៀង ណាំ ត្រូវបានជំនួយការរបស់លោកបញ្ជាក់ថា ធ្វើឡើងមួយរយៈពេលខ្លីប៉ុណ្ណោះ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ មុនពេលដែលលោកធ្វើដំណើរមកទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» នៅរាជធានីភ្នំពេញ។

ជំនួយការរូបនេះ បានឱ្យដឹងថា៖ នៅពេលឆ្លងកាត់ខេត្តកំពង់ចាម ដល់ចំណុចស្គន់ មានកម្លាំងស្លៀកពាក់ជាស៊ីវិលមួយក្រុម ដែលអះអាងថា ខ្លួនជាអាវុធហត្ថខេត្តកំពង់ចាម បានដេញពីក្រោយហើយកាក់ដំណើរឱ្យរថយន្តឧកញ៉ា សៀង ណាំ ឈប់ ដើម្បីពួកគេឆែកឆេរ ប៉ុន្តែរកមិនឃើញឈើគ្រញូងទេ។ នៅពេលឧកញ៉ា សៀង ណាំ ចុះសួរនាំ ពួកគេបានសុំទោសហើយអនុញ្ញាត ឱ្យបន្តដំណើរទៀត។ លោក សុខ តុញ បានបញ្ជាក់បន្ថែមថា រឿងដែលធ្ងន់ជាងគេ នៅពេលដែលរថយន្តឧកញ៉ា សៀង ណាំ បានទៅដល់ចំណុចភ្នំដិល ក្នុងស្រុកបាធាយ ក៏ស្រាប់តែមានកម្លាំងអាវុធហត្ថមួយក្រុមទៀត ហើយថាជារថយន្តសង្ស័យដឹកឈើគ្រញូងទៀត ប៉ុន្តែក៏អនុញ្ញាត ឱ្យបន្តដំណើរទៅទៀត នៅពេលដែលឧកញ៉ា សៀង ណាំចុះសួរនាំ។

សូមជំរាបថា ឧកញ៉ា សៀង ណាំ បានមកទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ពីសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA) កាលពីម្សិលមិញ ជាមួយនឹងឥស្សរជនខ្មែរ២រូបផ្សេងទៀត។ ពានរង្វាន់នេះ ក៏ត្រូវបានផ្តល់ជូនសម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ផងដែរ៕