(ព្រៃវែង)៖ លោក ស្តើង សុខុម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំចាយមារ បានចាត់ទុកការងារប្រយុទ្ធប្រឆាំងកូវីដ១៩ នៅតែជាបញ្ហាអាទិភាពដែលត្រូវ យកចិត្តទុកដាក់បំផុត បើទោះបីស្ថានភាពមានការធូរស្រាលបន្តិចក៏ដោយ តែយើងមិនអាចភ្លេចខ្លួនបានទេ។
លោកបានលើកឡើងថា បញ្ហាចំពោះមុខ គឺការគ្រប់គ្រងឱ្យបានម៉ត់ចត់ ចំពោះពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃ។ ចំណុចដែលត្រូវត្រូវប្រុងប្រយ័ត្នបំផុតនោះ គឺការធ្វើចត្តាឡីស័កតែម្តង មិនត្រូវឲ្យមានពលករណាម្នាក់គេចវេសពីការធ្វើចត្តាឡីស័កបានទេ ជាពិសេសត្រូវយកចិត្តទុកដាក់ទៅលើអ្នកជំងឺដែលមានមេរោគបំប្លែងថ្មី Delta។ ការធ្វេសប្រហែសតែបន្តិចវាអាចបង្កមហន្តរាយចូលទៅក្នុងសហគមន៍។
លោក ស្តើង សុខុម បានលើកឡើងបែបនេះ កាលពីថ្ងៃទី៤ ខែកញ្ញា ២០២១ ក្នុងឱកាសនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី ទៅប្រគល់ជូនរដ្ឋបាលស្រុកកំចាយមារ ដើម្បីបែងចែកទៅតាមឃុំទាំង៨ សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ១៩បន្តទៀត និងបានអញ្ជើញបើកកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍ការងារប្រយុទ្ធប្រឆាំងកូវីដ១៩របស់ស្រុកកំចាយមារនាពេលកន្លងមក ។
ស្រុកកំចាយមារខេត្តព្រៃវែង ជាស្រុកមួយដែលមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងសហគមន៍កាលពីអំឡុងខែមេសាឆ្នាំ២០២១ ដោយចាប់ផ្តើមពីកម្មការិនីរោងចក្រកាត់ដេរ នៅអគារលេខ៩ នៅឃុំស្មោងខាងជើងជាករណីឆ្លងពីសហគមន៍២០ កុម្ភៈ។
ការផ្ទុះឡើងនៅពេលនោះក្រុមការងារប្រយុទ្ធប្រឆាំងកូវី១៩ ស្រុកបានរកឃើញកម្ម ករកម្មការិនីចំនួន ២៣២នាក់វិជ្ជមានកូវីដ១៩ ក្នុងចំណោម ៥៦៣នាក់ដែលបានយកសំណាក។ ក្រៅពីផ្ទុះនៅក្នុងរោងចក្រក៏បានការផ្ទុះនៅតាមផ្សារមួយចំនួនក្នុង ស្រុកកំចាយមារ។
គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ២០២១ ស្រុកបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៦៣៦នាក់ ក្នុងនោះកម្មកររោងចក្រកាត់ដេរ មានចំនួន ៥៧៨នាក់ និងបានប្រមូលប្រជាពលរដ្ឋធ្វើចត្តាឡីស័កចំនួន ១,៩៧៥នាក់។ បានដាក់ឲ្យសម្រាកនៅមណ្ឌលព្យាបាលស្រុកសរុបចំនួន ៤២៨នាក់ និងមួយចំនួនបានបញ្ជូនទៅព្យាបាលនៅខេត្ត។
មកដល់បច្ចុប្បន្ននេះ បានជាសះស្បើយចំនួន ៣៩៩នាក់ និងស្លាប់ ៤នាក់។ អ្នកព្យាបាលនៅក្នុងមណ្ឌលបច្ចុប្បន្នមានចំនួន ២០នាក់ដែលជាប្រភេទវិរុសDelta។
លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មកដល់ពេលនេះស្រុកបានទទួលពលករចំណាកស្រុកមកពីប្រទេសថៃចំនួន ២៣២នាក់ និងបានរៀបចំមណ្ឌលចិត្តាឡីស័កចំនួន៨កន្លែង ព្រមទាំង បានផ្គត់ផ្គង់អាហារហូបចុកក្នុងមួយថ្ងៃពីរពេលក្រោមការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល គិតជាប្រាក់ ក្នុងមួយថ្ងៃ ២ម៉ឺនរៀលក្នុងម្នាក់។ ប៉ុន្តែតាមការណែនាំរបស់គណៈអភិបាលខេត្តព្រៃវែង ចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅការផ្គត់ផ្គង់អាហារហូបចុកសម្រាប់អ្នកធ្វើចិត្តាឡីស័ក របស់រាជរដ្ឋាភិបាលពុំមានផ្ដល់ជូនទៀតទេ ជាបន្ទុករបស់ស្រុក និងប្រធានក្រុមការងារចុះមូលដ្ឋានស្រុក។
បើតាមលោកអភិបាលស្រុកមកដល់ថ្ងៃនេះមានពលករចំណាកស្រុកកំពុងធ្វើចត្តាឡីស័កចំនួន ៧៤នាក់ ហើយនៅមានពលករចំណាកស្រុកចំនួន ៣,៤៣៣នាក់ទៀត ដែលត្រូវវិលចូលមកស្រុកវិញ។
ទន្ទឹមការប្រឆាំងទប់ស្កាត់ការរីករាលត្បាតកូវីដ១៩ ស្រុកក៏បានខិតខំពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដែលក្នុងនោះពលរដ្ឋអាយុពី១៨ ឆ្នាំឡើង បានចំនួន ៥៥,៨៧៤នាក់ ក្នុងចំណោមប្រជាជនដែលជាគោលដៅចាក់វ៉ាក់សាំងចំនួន ៥៧,៨៤៤ នាក់ស្មើនឹង ៩៦,៥៥%។ ចំណែកការចាក់វ៉ាក់សាំងកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ចាក់បានចំនួន ៨,៦៧៨នាក់ ក្នុងចំណោមកុមារ និង យុវវ័យត្រូវចាក់វ៉ាក់សាំងសរុប ១២,៥៨៩ នាក់ស្មើនឹង៧០%។
លោកអភិបាលស្រុកកំចាយមារបានលើកឡើងថា ផ្ដើមចេញពីការយកចិត្តទុកដាក់ និងការដឹកនាំចង្អុលបង្ហាញគួបផ្សំនឹងការគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ និងបានជួយឧបត្ថម្ភជាថិវកា សម្ភារៈបរិក្ខាពេទ្យ និង ស្បៀងអាហារ ជាបន្តបន្ទាប់ឥតដាច់ពិសេសក្នុងស្ថានភាពនៃការឆ្លងរាលដាលនៃ កូវីដ ១៩ ពីសំណាក់
លោក ស្តើង សុខុម ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ បានជួយឧបត្ថម្ភគាំទ្រជាប់ជាប្រចាំដល់អាជ្ញាធរស្រុកកំចាយមារ ដើម្បីដោះស្រាយការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋក្នុងស្រុក ដែលរង់ការប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩។
លោក ស្តើង សុខុម បាន ធ្វើការងារប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលកូវីដ១៩ នៅក្នុងមូលដ្ឋានស្រុកទទួលបានលទ្ធផលជាវិជ្ជមាន។ ជាក់ស្តែងមកដល់ពេលនេះ ស្រុកគ្រប់គ្រងសភាពការណ៍កូវីដ១៩ បានទាំងស្រុងហើយ បើ ទោះបីថា នៅមានការឆ្លងបន្តិច បន្តូចតាមមូលដ្ឋានតែក្រុមការងារបានខិតខំស្រាវជ្រាវរកអ្នកជំងឺ និង អ្នកប៉ះពាល់ជាមួយអ្នកជំងឺដើម្បីយកសំណាក និងបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កបានទាន់ពេលវេលា។
នៅក្នុងការវាយតម្លៃសភាពការណ៍ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ លោក ស្តើង សុខុម បានកោតសរសើរចំពោះក្រុមការងារ ប្រយុទ្ធប្រឆាំងកូវីដ១៩ ស្រុកដែលបានបំពេញការងារបានយ៉ាងល្អលើការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ នៅក្នុងមូលដ្ឋាន និង ទប់ស្កាត់ការឆ្លងចូលក្នុងសហគមន៍ ទ្រង់ទ្រាយធំ។ លើសពីនេះទៀត គឺ ការព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាបានសះស្បើយ។ បើទោះបីថាមានអ្នកជំងឺចំនួន ៤នាក់ បានស្លាប់តែដោយសារពួកគាត់មានជំងឺ ប្រចាំកាយធ្ងន់ធ្ងររួចទៅហើយមុនឆ្លងកូវីដ១៩។
ពាក់ព័ន្ធបញ្ហាចំពោះមុខក្នុងការត្រៀមលក្ខណទទួលបងប្អូនពលករចំណាកស្រុកមកពីប្រទេសថៃ លោកប្រធានក្រុមការងារសុំឲ្យក្រុមការងារត្រូវចាត់វិធានការពង្រឹងការគ្រប់គ្រងពលករចំណាកស្រុកដែលវិលត្រឡប់មកភូមិ-ឃុំវិញ និងត្រូវអនុវត្តវិធានការចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសគឺមេរោគបំលែងខ្លួនថ្មី (Delta)។ ជាមួយនេះ លោកក៏បានស្នើឲ្យមានការយកចិត្តទុកដាក់ទៅលើការផ្គត់ផ្គង់សម្រាប់ពួកគេក្នុង ពេលធ្វើចត្តាឡីស័ក និង លើកទឹកចិត្តពួកគេឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះដោយស្ម័គ្រចិត្តបើអាចធ្វើទៅបាន។
ពាក់ព័ន្ធដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ លោក ស្តើង សុខុម បានធ្វើការបញ្ជាក់ជាថ្មីថា ការចាក់វ៉ាក់សាំងគឺមិនមានការបង់ថ្លៃទេក៏ប៉ុន្តែត្រូវផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ។ ក៏ប៉ុន្តែបើប្រជាពលរដ្ឋណា មិនព្រមចាក់មិនអាចបង្ខំបានទេ តែវិធីដែលល្អ គឺត្រូវខិតខំពន្យល់ប្រជាពលរដ្ឋឲ្យទទួលយកការចាក់វ៉ាក់សាំងនេះ ឲ្យបានទាំងអស់គ្នា ព្រោះអ្នកដែលបានចាក់វ៉ាក់សាំង ទោះបីជាឆ្លងកូវីដ១៩ ក៏មិនបណ្តាលឲ្យស្លាប់នោះទេ តែផ្ទុយទៅវិញអ្នកដែរមិនបានចាក់ គឺបើឆ្លង គឺអាចស្លាប់។ ត្រូវព្យាយាម ពន្យល់ពួកគាត់ ឲ្យចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា មិនអាចទុកឱ្យមានអ្នកមិនចាក់វ៉ាក់សាំងទេ បើមិនដូច្នេះទេអ្នកទាំងនោះអាចនាំកូវីដ១៩ មកចម្លងនៅក្នុងភូមិ ឃុំ បន្តទៀត។
ក្នុងឱកាសនោះដែរលោកប្រធានក្រុមការងារ ក៏បានលើកឡើងពាក់ព័ន្ធការត្រៀមបើកសាលារៀនឡើងវិញនៅពេលខាងមុខ ដោយលោកបានស្នើឲ្យការិយាល័យអប់រំស្រុក យក ចិត្តទុកដាក់គោរពទៅតាមគោលការណ៍ របស់ក្រសួងអប់រំនិងខិតខំអនុវត្តន៍វិធានសុខាភិបាល។
ក្រុមការងារកូវីដ១៩ស្រុក ត្រូវចុះពិនិត្យរៀបចំផ្លាស់ប្តូរកន្លែងធ្វើចត្តា ឡីស័កពីសាលារៀនទៅកាន់កន្លែងថ្មី ក៏ដូចជាចាប់ផ្តើមបាញ់ថ្នាំសម្លាប់មេរោគនៅតាមបន្ទប់រៀននានាក្នុងការបង្ការបញ្ហាឆ្លងរីករាលនៃជំងឺកូវីដ១៩។រីឯបញ្ហាក្នុងបរិវេណ សាលារៀននីមួយៗ ត្រូវខិតខំធ្វើអនាម័យ និងបរិស្ថានឲ្យបានស្អាតល្អ។ លោក ក៏បានស្នើសុំឲ្យមានការបំផុសលោកគ្រូអ្នកគ្រូសិស្សានុសិស្សដាំដើមឈើនៅក្នុងបរិវេណសាលាផងដែរ។
ពាក់ព័ន្ធការត្រៀមបើកសាលាឡើងវិញនេះដែរ លោក ស្តើង សុខុម ក៏បានផ្តល់ម៉ាស់ ៥ កេសធំ ទៅរដ្ឋបាលស្រុក ដើម្បីផ្តល់ឲ្យសាលារៀន និងត្រៀមផ្តល់សាប៊ូសម្រាប់លាងសំអាតដៃ ដល់គ្រប់សាលារៀនផងដែរ ដើម្បីឆ្លើយតបជាមួយយន្តនឹងវិធានសុខាភិបាល។
ក្រៅពីការងារប្រយុទ្ធប្រឆាំងកូវីដ១៩ លោកប្រធានក្រុមការងារ ក៏បានស្នើឲ្យរដ្ឋបាលស្រុកបន្តខិតយកចិត្តទុកដាក់ទៅលើបញ្ហាសន្តិសុខ និង សណ្តាធ្នាប់សង្គម និង ការពង្រឹងការផ្តល់សេវ៉ាសាធារណៈឲ្យបានល្អ ជំរុញឲ្យយកចិត្តទុកដាក់ផងដែរទៅលើការងារបង្កបង្កើនផល ដាំដំណាំចិញ្ចឹមសត្វ នៅបើទោះបីស្ថិតក្នុងស្ថានភាពកូវីដ១៩ ក៏ដោយ តែការងារទាំងអស់នេះ វាក៏ផ្សាភ្ជាប់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលត្រូវតែធ្វើបានល្អ។
នៅក្នុងឱកាសនោះលោក ស្តើង សុខុម ក៏បានលើកឡើងពាក់ព័ន្ធនឹងសកម្មភាពទុច្ចរិតរបស់ពួកអ្នកនយោបាយប្រឆាំងដែលតែងតែប្រើឧបាយកលញុះញ៉ង់បំបែកបំបាក់ និងបំភ្លៃការពិតមកលើគណបក្សប្រជាជនកម្ពុជា ខណៈដែលសម្តេចក្រឡាហោម ស ខេង អញ្ជើញទៅពិនិត្យសុខភាពមានធុរៈផ្តាល់ខ្លួន គេឆ្លៀតឃោសនាបំភ្លៃមួលបង្កា ច់ ទម្លាក់ កំហុសយ៉ាង ពិសពុល លើស ម្តេច ក្រឡាហោម ស ខេ ង។
លោក ស្តើង សុខុម បានបញ្ជាក់ទៀតថា នេះគ្រាន់តែជាល្បែងប្រជាភិថុតិតែប៉ុណ្ណោះ ហើយវាកាន់តែ ឆ្លុះ បញ្ចាំង យ៉ាង ច្បាស់ ពី ច រិ ក អ្នកនយោបាយគ្មាន ក្រមសីលធម៌ វិជ្ជាជីវៈ ក្នុង ចេតនា ទុច្ចរិត ដដែល ៗបំភ្លៃ រឿង មិន ពិតប្រឌិតរឿង បំពុលសង្គមនិង បរិយាកាស នយោបាយ នៅ កម្ពុជា។
លោកបន្តថា «អ្នកនយោបាយដែលធ្វើសកម្មភាពដោយខ្វះគោលការណ៍ ខ្វះក្រមសីលធ៌មបែបនេះ មិនអាចផ្តល់នូវទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋនោះទេ ព្រោះទង្វើរបស់ខ្លួនបានបង្កប់នូវភាពទុច្ចរិត ភូតកុហស បោកប្រាស់ ប្រើគ្រប់មធ្យោបាយបានគិតពីប្រយោជន៍បក្សពួកខ្លួនមួយក្តាប់តូច»។
អំណោយសម្តេចក្រឡាហោម ស ខេង និងលោកស្រី ជូនដល់រដ្ឋបាលស្រុកកំចាយមារនាពេលនេះ មានអង្ករ៣ តោ,មីម៉ាម៉ា ៣០ កេសធំ ,ត្រីខ ២០ កេស ម៉ាស់ចំនួន ៥ កេសធំដើម្បីប្រើប្រាស់សម្រាប់ការប្រយុទ្ធប្រឆាំងកូវីដ១៩ និង ផ្តត់ផ្គង់សម្រាប់អ្នកធ្វើចត្តាលីស័កនៅក្នុងមូលដ្ឋានស្រុកកំចាយមារ។
នៅព្រឹកថ្ងៃដដែលនោះលោកប្រធានក្រុមការងាររាជរដ្ឋាភិបាលក៏បានអញ្ជើញទទួលអំណោយជាថវិកាចំនួន ១៧,០០០ដុល្លារអាមេរិកពីក្រុមហ៊ុនក្លឹបបាល់ទាត់ភ្នំពេញក្រោន និងអង្គការបាល់ទាត់ដើម្បីជិវិត និងក្រុមហ៊ុនផាយផេ (Pi Pay) តាមរយៈលោក ស៊ិន រដ្ឋា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះឃុំត្របែក ស្រុកកំចាយមារ សម្រាប់ជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ មិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ីច្រេស។
ក្រោយទទួលបានថិវកាពីសប្បុរជនហើយលោក ស្តើង សុខុម ក៏បានប្រគល់ថវិកានោះជូនទៅលោក ស៊ិន រដ្ឋា សម្រាប់ការចាក់ផ្លូវបេតុងក្នុងសាលារៀនបឋមសិក្សានិងអនុវិទ្យាល័យមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ីច្រេស។
នៅព្រឹកថ្ងៃដដែលនោះលោក ស្តើង សុខុម ក៏បានអញ្ជើញទៅពិនិត្យមើលប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតឃុំក្របៅ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង និងលោកស្រី ដែលមានតម្លៃជាង ២៥,០០លានរៀល។ នៅទីនោះលោក ស្តើង សុខុម បានជំរុញឲ្យអ្នកទទួលខុសត្រូវស្ថានីយទឹកស្អាតនេះ ខិតខំតភ្ជាប់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋនៅក្នុងឃុំឲ្យបានលឿន និង ប្រជាពលរដ្ឋ មានទឹកស្អាតប្រើប្រាស់ដែលជាផ្នែកមួយនៃការចូលរួមលើកកម្ពស់សុខមាលភាពរបស់ប្រជាជន៕