(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២១ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ក្នងនាមលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណ:អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តស្វាយរៀង
បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកគណបក្សសង្កាត់បាវិតសង្កាត់បាទី និងសង្កាត់ប្រាសាទដើម្បីពង្រឹងការងារមូលដ្ឋាន និងត្រៀមរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។
ជាមួយគ្នានេះ លោក លី ធុជ ក៏បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនតាមខ្នងផ្ទះដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១១០គ្រួសារស្ថិតក្នុងសង្កាត់ទាំងបី ក្នុងនោះសង្កាត់បាវិត ៥០គ្រួសារសង្កាត់បាទី ៣០គ្រួសារ និងសង្កាត់ប្រាសាទ ៣០គ្រួសារ ព្រមទាំងបានចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះបាក់រលំផ្ទះ ដោយសារខ្យល់កន្ត្រាក់ចំនួន២ខ្នងផ្ទះផងដែរ។
ក្នុងឱកាសនោះ លោក លី ធុជ បានពាំនាំនូវសេចក្ដីសាកសួរសុខទុក្ខ ពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនចំពោះសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាវិត ទាំងមូលព្រមទាំងបាន ណែនាំឲ្យសមាជិកគណបក្សតាមសង្កាត់នីមួយៗ បន្តពង្រឹងសកម្មភាពគណបក្សនៅតាមមូលដ្ឋាននិងលើកកម្ពស់ ការយកចិត្តទុកដាក់ចំពោះសមាជិកសមាជិកាគណបក្ស តាមរយៈការរក្សានូវទំនាក់ទំនងឲ្យបានល្អ និងជិតស្និតរវាងសមាជិកក្នុងក្រុម។
លោកក៏បានជម្រុញឲ្យ សមាជិកគណបក្សទាំងអស់ត្រូវត្រៀមឲ្យបានរួចរាល់ នូវសកម្មភាពលម្អិតសម្រាប់មុនពេល និងក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ខាងមុខនេះដើម្បីភាពជោគជ័យ របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចតេជោ។
សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស បានបញ្ជាក់បន្ថែមថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានបង្កើតនូវសុខសន្តិភាព និងស្ថិរភាពពាសពេញផ្ទៃប្រទេស ជូនប្រជាជនកម្ពុជារហូតមកដល់សព្វថ្ងៃនេះ ជាពិសេសតែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈដែលថ្មីៗនេះ សម្ដេចតេជោបានផ្តល់នូវជីវិតថ្មីទៀត បន្ទាប់ពីរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍គឺ ការសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋ តាមរយៈការខិតខំប្រឹងប្រែងរិះរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងការជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចជាតិ ក៏ជាសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនកម្ពុជា ដែលកំពុងជួបបញ្ហាដោយសារជំងឺឆ្លងនេះ។
ប្រជាពលរដ្ឋ ដែលទទួលបាននូវអំណោយរបស់សម្ដេចតេជោ ថ្ងៃនេះមានភាពសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនថ្នាក់ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ទាំងអស់ដែលតែងតែយកចិត្តទុកដាក់ និងព្រួយបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា៕