(ភ្នំពេញ)៖ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ព្រះមេគណ ព្រះគ្រូអនុគណ និងចៅអធិការ គ្រប់គ្រងភិក្ខុ សាមណេរ និងសិស្សានុសិស្ស កុមារ និងកុមារកំព្រាគ្មានទីពឹង ដែលស្នាក់អាស្រ័យនៅក្រោមឱវាទ ត្រូវមើលថែ និងអប់រំណែនាំប្រកបដោយព្រហ្មវិហារធម៌ទាំង៤ និងឱ្យរៀនសូត្រប្រកបដោយគុណតម្លៃ ជាឧត្តមប្រយោជន៍សម្រាប់សង្គមជាតិ។
ក្នុងសេចក្តីប្រគេនដំណឹងដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង បានណែនាំថា ចៅអធិការ គប្បីមើលថែរក្សា និងអប់រំ ណែនាំប្រកបដោយព្រហ្មវិហារធម៌ទាំង៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ដើម្បីឱ្យភិក្ខុ សាមណេរ និងសិស្សានុសិស្ស ព្រមទាំងកុមារ ឬកុមារកំព្រាគ្មានទីពឹង ដែលមកស្នាក់នៅជាមួយមានភាពកក់ក្តៅ និងទទួលបានការសិក្សារៀនសូត្រឱ្យបានជ្រៅជ្រះទាំងផ្លូវលោក និងផ្លូវធម៌។
សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សង្ឃឹមជឿជាក់ថា ព្រះមេគណ ព្រះគ្រូអនុគណ និងចៅអធិការប្រតិបត្តិការអប់រំចំពោះ ភិក្ខុ សាមណេរ និងសិស្សានុសិស្ស ព្រមទាំងកុមារ ឬកុមារកំព្រាគ្មានទីពឹង ដែលមកស្នាក់នៅសិក្សារៀនសូត្រ អប់រំប្រាសចាកនូវអំពើហិង្សាទាំងពួង ហើយអប់រំអនុវត្តឱ្យស្របតាមគោលការណ៍ អហិង្សារបស់ព្រះពុទ្ធសាសនាដូចខាងក្រោម៖
ទី១៖ ត្រូវមានព្រហ្មវិហារធម៌ចំពោះភិក្ខុ សាមណេរ និងសិស្សានុសិស្ស ព្រមទាំងកុមារ ដែលស្នាក់នៅក្នុងវត្ត
ទី២៖ ត្រូវគ្រប់គ្រង និងចិញ្ចឹមប្រកបដោយភាពវិជ្ជមាន
ទី៣៖ ត្រូវគ្រប់គ្រង អប់រំដោយសេចក្តីសន្តោស មេត្តាចិត្ត និងការអត់ឱន
ទី៤៖ ត្រូវជៀសវាងការប្រព្រឹត្តិនូវហិង្សាគ្រប់ទម្រង់
ទី៥៖ គោរពសេចក្តីថ្លៃថ្នូររបស់ភិក្ខុ សាមណេរ និងសិស្សានុសិស្ស ព្រមទាំងកុមារ ឬកុមារកំព្រាគ្មានទីពឹង
ទី៦៖ មិនពាក់ព័ន្ធនឹងសកម្មភាពផ្លូវភេទ ឬអាកប្បកិរិយាជុំរុញផ្លូវភេទជាមួយ ភិក្ខុ សាមណេរ និងសិស្សានុសិស្ស ព្រមទាំងកុមារ ឬកុមារកំព្រាគ្មានទីពឹង ដែលស្នាក់នៅក្នុងវត្ត
ទី៧៖ មិនប្រើប្រាស់ឱ្យធ្វើការងារណាដែលអាចបង្កការគ្រោះថ្នាក់ដល់ការអភិវឌ្ឍរបស់ភិក្ខុ សាមណេរ និងសិស្សានុសិស្សព្រមទាំងកុមារ ឬកុមារកំព្រាគ្មានទីពឹង
ទី៨៖ មិនពាក់ព័ន្ធលើការកេងប្រវញ្ជ័លើភិក្ខុ សាមណេរ និងសិស្សានុសិស្ស ព្រមទាំងកុមារ ឬកុមារកំព្រាគ្មានទីពឹង
ទី៩៖ ដាក់ទណ្ឌកម្មដោយយកធម៌វិន័យជំនួសឱ្យការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព និងគ្រប់ទម្រង់៕