(កំពង់ធំ)៖ បេសកកម្មរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងការនាំយកនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រគល់ជូនលោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើង ក្រោយស្ម័គ្រចិត្តចាក់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១០នាក់បន្ថែមទៀត នៅខេត្តកំពង់ធំ បានបញ្ចប់ដោយជោគជ័យ។
បេសកកម្មនេះ ដឹកនាំដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស និងមានការចូលរួមពី លោកស្រី វេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជាផងដែរ។
ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ លោកតា លោកយាយ ចំនួន៥នាក់ ដែលទទួលបានអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នូវថវិកាចំនួន៣លានរៀល និងគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀតនោះ រួមមាន៖
* ទី១៖ លោកតា អ៊ុក ស៉ឹម អាយុ១០១ឆ្នាំ រស់នៅភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង
* ទី២៖ លោកយាយ ជុំ លីវ អាយុ១០១ឆ្នាំ រស់នៅភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង
* ទី៣៖ លោកយាយ អ៉ិត សុន អាយុ១០៦ឆ្នាំ រស់នៅភូមិកំពង់គ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ
* ទី៤៖ លោកយាយ សុក ស៊ុន អាយុ១០១ឆ្នាំ រស់នៅភូមិសូដៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ
* ទី៥៖ លោកយាយ ហ៊ុន បួន អាយុ១០២ឆ្នាំ រស់នៅភូមិអន្លង់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។
លុះដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ លោកតា លោកយាយចំនួន៥នាក់បន្ថែមទៀត ដែលត្រូវបានលោកស្រី ឱ វណ្ណឌីន នាំយកទៅប្រគល់ជូនរួមមាន៖
* ទី១៖ លោកយាយ ម៉ែន នឹម អាយុ១០១ឆ្នាំ រស់នៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ
* ទី២៖ លោកយាយ ជុំ ធីម អាយុ១០១ឆ្នាំ រស់នៅភូមិបញ្ជាលា ឃុំគោល ស្រុកប្រាសាទសំបូរ
* ទី៣៖ លោកយាយ ទិត ហៀត អាយុ១០១ឆ្នាំ រស់នៅភូមិចារជ្រុំ ឃុំសំបូរ ស្រុកប្រាសាទសំបូរ
* ទី៤៖ លោកយាយ ញឹក ខាត់ អាយុ១០៣ឆ្នាំ រស់នៅភូមិចារជ្រុំ ឃុំសំបូរ ស្រុកបាសាទសំបូរ
* ទី៥៖ លោកតា លឹម ហេង អាយុ១០១ឆ្នាំ រស់នៅភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក។
ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ ព្រមទាំងបានជម្រាបសួរអំពីមូលហេតុអ្វីដែលជំរុញឲ្យពួកគាត់ទៅទទួលយកនូវការចាក់វ៉ាក់សាំង។
លោកយាយ និងលោកតា ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។ ពួកគាត់ក៏បានផ្ដាំផ្ញើនូវក្ដីនឹក និងអាណិតស្រលាញ់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោកស្រី ឱ វណ្ណឌីន ផងដែរ។
លោកតា និងលោកយាយពួកគាត់បានបង្ហាញនូវការយល់ឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺពិតមានជាសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់ បើទោះបីពួកគាត់ចាស់ជរាក៏ពិតមែន ប៉ុន្ដែវ៉ាក់សាំងអាចការពារពួកគាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ បើទោះបីពួកគាត់ឆ្លងដោយប្រការណាមួយ ក៏មិនបណ្ដាលឲ្យគាត់ឈឺធ្ងន់ធ្ងរនោះដែរ។
បើតាមអ្វីដែលជាការសាកសួររបស់លោកស្រី ឱ វណ្ណឌីន ក្រុមគ្រួសាររបស់លោកតា លោកយាយ បានបញ្ជាក់ដូចៗគ្នាថា លោកតា លោកយាយ គឺសុទ្ធតែស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងដោយខ្លួនឯង ដោយមិនមានកូនចៅណាម្នាក់បង្ខិតបង្ខំនោះទេ។
បន្ទាប់ពីបញ្ចប់នូវការប្រគល់អំណោយជូនលោកតា លោកយាយ ក្នុងដំណើរត្រឡប់មករាជធានីភ្នំពេញវិញ លោកស្រី ឱ វណ្ណឌីន និងលោកស្រី Li Ailan ក៏ឆ្លៀតចូលពិនិត្យមើលទីតាំងដែលកំពុងតែដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពកំពង់ថ្ម និងមណ្ឌលសុខភាពតាំងគោក ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកតា លោកយាយ មានអាយុចាប់ពី១០០ឆ្នាំឡើង ចំនួន១០០នាក់ហើយ ដែលបានទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីពួកគាត់បានស្ម័គ្រចិត្តចាក់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
ក្នុងបេសកកម្មនេះ ក្រុមការងាររបស់លោកស្រី ឱ វណ្ណឌីន បានធ្វើដំណើរស្ទើរទូទាំងប្រទេស ដែលមានចម្ងាយផ្លូវសរុបប្រមាណ១ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ផ្លូវគ្រប់ស្ថានភាពទាំងអស់ ទាំងផ្លូវឡើងភ្នំ ចុះភ្នំ ភូករអិល តូចចង្អៀត ជិះកាត់វាលស្រែ និងចំការកៅស៊ូជាដើម។ ប៉ុន្ដែបើទោះបីស្ថានភាពផ្លូវ ពេលខ្លះលំបាកក៏ពិតមែន តែនេះមិនមានជាឧបសគ្គនោះឡើយ ពោលអំណោយទាំងអស់របស់សម្ដេចតេជោ ហ៊ុន សែន នៅតែផ្ដល់ជូនលោកតា លោកយាយ អាយុ១០០ឆ្នាំឡើង ដល់ខ្នងផ្ទះតែម្ដង៕