(បន្ទាយមានជ័យ)៖ លោក អ៊ុុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមបណ្តាសាលារៀនមួយចំនួន នៅស្រុកមង្គលបូរី ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមបើកដំណើរបង្រៀនឡើងវិញ។
លោកអភិបាលខេត្តនឹងបន្តទៅពិនិត្យស្ថានភាពសាលារៀនមួយចំនួនទៀត ស្អែកនៅតាមបណ្តាក្រុង/ស្រុកផ្សេងទៀត ដើម្បីសម្រេចចំនួនជាក់លាក់ស្នើសុំគោលការណ៍ទៅក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាត្តឲ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញទាំងស្រុង ឬតាមបណ្តុំ និងតាមអនឡាននោះ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានណែនាំដល់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូត្រូវសម្អាតបរិស្ថាន អនាម័យឱ្យបានស្អាត ពិសេសបាញ់ថ្នាំសម្លាប់មេរោគជាមុនសិន ចំពោះសាលារៀនណាដែលធ្លាប់យកធ្វើជាកន្លែងព្យាបាល និងមណ្ឌលចត្តាឡីស័កជំងឺកូវីដ-១៩។
លោកអភិបាលខេត្តបានបន្តទៀតថា ការបើកឱ្យដំណើរការសិក្សាឡើងវិញនេះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ដល់សិស្សានុសិស្ស ដែលពួកគាត់បានផ្អាកការសិក្សារយៈពេលកន្លងមក ដើម្បីអាចទទួលបានចំណេះដឹងគ្រប់គ្រាន់ឡើងវិញ។
លោក៏បានផ្តល់ថវិកាមួយចំនួនដល់លោកនាយកសាលា ដើម្បីចាត់ចែងសម្ភារៈសម្អាតបរិស្ថាន និងកុំភ្លេចអនុវត្តវិធានការ ៣កុំ ៣ការពារ៕