(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ២នាក់ និងរឹបអូសគ្រឿងញៀនជិត១០គីឡូក្រាម នៅរាជធានីភ្នំពេញ។
របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងសម្របសម្រួលដោយលោក សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាប នៅចំណុច ផ្ទះលេខ១៥B បន្ទប់លេខ២A (ខុនដូ) ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ YE YU SONG ភេទប្រុស កើតឆ្នាំ១៩៨១ ជនជាតិចិន និង ឈ្មោះ លីង វេ (LIN WEI) ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិចិន។
ការបង្ក្រាបនេះសមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖ អ៊ិចស្តាស៊ី (MDMA) ជាង៦គីឡូក្រាម, មេតំហ្វេតាមីន (ICE) ជាង១គីឡូក្រាម, អំហ្វេតាមីនជាង៦០០ក្រាម, កេតាមីន (Ketamine) ជាង២០០ក្រាម, នីមេតាហ្សេប៉ាម (Nimetazepam) ជាង១គីឡូក្រាម, សារធាតុគីមីជាង ៤គីឡូក្រាម, ទូរស័ព្ទ ២គ្រឿង និងឧបករណ៍កែច្នៃមួយចំនួន។
ប្រតិបត្តិការបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន.
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕