(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញវីដេអូឃ្លីបមួយពាក់ព័ន្ធនឹងហេតុការណ៍នៃការប៉ះទង្គិច ក៏ដូចជាសកម្មភាពរបស់អ្នកបើកបរ បើកគេចពីការអនុវត្តច្បាប់ចរាចរណ៍របស់នគរបាលកាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ នៅនៅត្រង់ចំណុចផ្លូវនេរុ ខណ្ឌ៧មករា។

វីដេអូរយៈពេលជាង១នាទីនេះ ដែលប្រមូលចេញពីកាមេរាសុវត្ថិភាពនៅជុំវិញកន្លែងកើតហេតុ បានបង្ហាញនូវសកម្មភាពរបស់អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរពីក្រោយមិនពាក់មួកសុវត្ថិភាព ហើយបានបើកម៉ូតូត្រឡប់ក្រោយនៅពេលពួកគេជិះជិតដល់កន្លែងនគរបាលអនុវត្តច្បាប់ចរាចរណ៍។

ជាមួយនឹងការបង្ហាញវីដេអូនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបរាប់ហេតុការណ៍នោះថា ស្របពេលសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅគោលដៅផ្លូវនេរុ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៩៖២០នាទីយប់ ក៏មានម៉ូតូមួយគ្រឿងម៉ាកស្កូពីពណ៌សលាយឈូក ផ្លាកលេខភ្នំពេញ 1IQ. 3087 កំពុងបើកបរពីត្បូងទៅជេីង ដោយបុរសម្នាក់ជាអ្នកបេីកបរដឹកស្ត្រីម្នាក់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តថា ដោយឃើញអ្នកបើកបរ និងអ្នករួមដំណើរមិនមានពាក់មួក សមត្ថកិច្ចក៏បានចេញឃាត់ ឃើញដូច្នេះអ្នកបើកបរល្មើសច្បាប់រូបនោះបានបើកត្រឡប់ក្រោយក្នុងល្បឿនលឿនក្នុងគោលបំណងរត់គេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច។ ពេលនោះមន្ត្រីប្រចាំការនៅដើមទី បានចេញលើកដៃក្នុងគោលបំណងឃាត់ឱ្យឈប់ដើម្បីធ្វើការសាកសួរ ត្រួតពិនិត្យ និងធ្វេីការផាកពិន័យតាមច្បាប់ ប៉ុន្តែជនបេីកបរល្មើសមិនបានឈប់ ថែមទាំងបានបន្ថែមល្បឿនទៅបុកនឹងគម្របលូនៅចិញ្ចើមផ្លូវ ដែលបណ្តាលឱ្យអ្នករួមដំណេីរខាងក្រោយធ្លាក់ពីលើម៉ូតូរងរបួសបែកក្បាល។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ដោយផ្អែកលើមូលដ្ឋានច្បាប់ អ្នកបើកបរបានល្មើសនឹងចំណុចមួយចំនួនដូចខាងក្រោម៖
១៖ បើកបរមិនពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ
២៖ បើកបរបញ្ច្រាសទិស
៣៖ បើកបរលើសល្បឿនកំណត់ (40km/h)
៤៖ បើកបរក្នុងល្បឿនលឿនក្នុងគោលបំណងបុកសមត្ថកិច្ច កំពុងអនុវត្តច្បាប់
៥៖ បើកបរត្រឡប់ក្រោយមានបំណងរត់គេចពីសមត្ថកិច្ច ដោយមិនឱ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យ និងផាកពិន័យតាមច្បាប់។

ដោយយោងលើមាត្រា៧៦ នៃច្បាប់ចរាចរណ៍ផ្លូវ និងមាត្រាទី៥៤១ នៃច្បាប់ក្រមព្រហ្មទណ្ឌ ផ្អែកតាមកំហុសដូចបានបញ្ជាក់ខាងលើ អ្នកបើកបរអាចត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវផាកពិន័យផងដែរ។

យោងលេីចំណុចដូចបានបញ្ជាក់ជូនខាងលេី សមត្ថកិច្ចរីករាយទទួលយកនៅការចូលរួមមតិរបស់បងប្អូនប្រជាពលរដ្ឋ ថាតេីការបេីកបររបស់បុរសម្នាក់នេះត្រូវ ឬក៏ខុសច្បាប់ ។

តែបើទោះបីជាយ៉ាងណា កាលពីថ្ងៃទី១០ ខែកញ្ញាម្សិលមិញនេះ ព្រះរាជអាជ្ញានៃស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ មន្ដ្រីនគរបាលខណ្ឌ៧មករា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដែលមានចែងក្នុងមាត្រា ២២១ នៃក្រមព្រហ្មទណ្ឌ។។ ដោយឡែកអ្នកបើកបរម៉ូតូត្រូវបានចោទប្រកាន់ពីបទ «បើកបរយានយន្តមិនព្រមបញ្ឈប់យានយន្តតាមបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក» ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៧៦ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕