(ភ្នំពេញ)៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបែងចែកការសាងសង់ជា ៣ដំណាក់កាល ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២គីឡូម៉ែត្រពីវត្តភ្នំ និងសាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា ក្រោមគម្រោងចំណាយប្រមាណ ២០០លានដុល្លារ ។

ដំណាក់កាលទី១ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមមានមជ្ឈមណ្ឌលអាងហែលទឹក, មជ្ឈមណ្ឌលកីឡាក្នុងសាល, ទីលានបាល់បោះ, ទីលានបាល់ទះ និងអគារស្នាក់នៅរបស់អត្តពលិក ហើយដំណាក់កាលទី១ នេះ ត្រូវបានសាងសង់រួចរាល់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីដដែល។

ទន្ទឹមជាមួយការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលដំណាក់កាលទី១ នៃពហុកីឡដ្ឋានជាតិមរតកតេជោនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការដំណាក់កាលទី២ គឺការសាងសង់កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នោះដែរ ដោយការសាងសង់កីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លា ។

កីឡដ្ឋានដ៏ទំនើបនាសម័យតេជោនេះ បានសាងសង់មានទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាពហុកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក ពិសេសនឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ ខាងមុខ ។ បច្ចុប្បន្នសំណង់ជាប្រវត្តិសាស្ដ្រនេះ បានសង់សាង់រួច ១០០% ហើយ ។

ដោយឡែកដំណាក់កាលទី៣ គឺការសាងសង់ភូមិកីឡា និងទីលានប្រកួតកីឡាក្រៅសាលមួយចំនួនទៀត ដែលនៅសេសល់។ ចំពោះភូមិកីឡា បច្ចុប្បន្នកំពុងដំណើរការសាងសង់ ដោយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីត្រៀមស្វាគមន៍ប្រតិភូ និងអត្តពលិក ដែលត្រូវមកប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាប្រមាណ ១ម៉ឺននាក់ ។ ក្រុមហ៊ុនសាងសង់ភូមិកីឡានេះ បានសន្យាចំពោះមុខសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ CAMSOC នឹងពន្លឿនការសាងសង់ឲ្យបានរួចរាល់នៅដំណាច់ឆ្នាំ២០២២ ។

សមិទ្ធផលដ៏មហាសាលខាងលើនេះ ត្រូវបានសាងសង់ឡើង ដើម្បីត្រៀមស្វាគមន៍ពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវបានរាជរដ្ឋាភិបាល កំណត់កាលបរិច្ឆេទរៀបចំ ដោយនឹងប្រារព្ធពិធីបើកនៅថ្ងៃទី០៥ ខែឧសភា និងបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រារព្ធពិធីបើកការប្រកួតនៅថ្ងៃទី០១ ខែមិថុនា និងបិទនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ដដែល៕