(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង អនុញ្ញាឲ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពោលគឺចាប់ពីថ្នាក់ទី៧ ដល់ទី១២ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១តទៅ។

ក្នុងន័យនេះ មន្ទីរអប់រំរាជធានីភ្នំពេញ និងបណ្តាខេត្តនីមួយៗ បានចាប់ផ្តើមចុះត្រួតពិនិត្យ និងវាយតម្លៃសាលាបឋមសិក្សារដ្ឋ និងសាលាបឋមសិក្សាឯកជនមួយចំនួនផងដែរ។ ស្របពេលជាមួយគ្នានេះ សាលារៀនជនជាតិជប៉ុននៅភ្នំពេញ (JSPP) ដែលស្ថិតក្រោមការគ្រប់គ្របសមាគមជប៉ុននៅកម្ពុជា (JACAM)​​ បានទទួលការអនុញ្ញាតឱ្យបើកឡើងវិញ ពីក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

«យើងរីករាយណាស់ដែលបានដឹងថា ក្រសួងអប់រំកំពុងពិចារណាបើកដំណើរការឡើងវិញមិនត្រឹមតែថ្នាក់ អប់រំកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងថ្នាក់មត្តេយ្យសិក្សា បឋមសិក្សាហើយថែមទាំងបានអនុញាតិរួចរាល់ ឱ្យសាលាបឋមសិក្សាជនជាតិជប៉ុននៅភ្នំពេញ បើកដំណើរការបង្រៀនឡើងវិញ បន្ទាប់ពីយើងបានផ្ញើការផ្តល់យោបល់នេះ ដែលវាគឺជាអ្វីដែលមនុស្សគ្រប់គ្នារង់ចាំ»។ នេះជាការលើកឡើងរបស់លោក តាកុមា កយជី (Mr. Takuma Koichi) ប្រធានសមាគមជប៉ុននៅកម្ពុជា (JACAM) ។

ប្រធានសមាគមជប៉ុននៅកម្ពុជា បានរំពឹងទៀតថា តាមរយៈព័ត៌មាននេ សាលាមត្តេយ្យ និងសាលាបឋមសិក្សាមួយចំនួនត្រូវបានរំពឹងថានឹងអាចបើកឡើងវិញផងដែរ ក្នុងពេលឆាប់ៗនេះ។

តាមរយៈទិន្នន័យជាច្រើនពី អង្កការសុខភាពពិភពលោក (WHO) ធនាគាអភិវឌ្ឍន៍អាស៉ី (ADB) និងក្រុមប្រឹក្សាភិបាលរបស់នាយករដ្ឋមន្រ្តីជប៉ុន បានបង្ហាញថាសាលាបឋម និងមត្តេយ្យគួរតែត្រូវបានផ្តល់អាទិភាពដើម្បីបើកសាលាឡើងវិញ។ ពួកគេនិយាយថាលទ្ធភាពនៃការឆ្លងមេរោគកូវីដ១៩ សម្រាប់ក្មេងៗគឺមានកម្រិតទាបណាស់ ប៉ុន្តែការរៀនតាមអ៉ិនធឺណេត គឺមិនសូវមានប្រសិទ្ធភាពខ្ពស់ទេ ហើយការបិទសាលានឹងបណ្តាលឱ្យធ្លាក់ចុះប្រាក់ចំណូលនាពេលអនាគតរបស់សិស្ស។

សមាគមជប៉ុននៅកម្ពុជា (JACAM) សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) សាលាជនជាតិជប៉ុននៅភ្នំពេញ (JSPP) អ្នកជំនាញ និងសាស្រ្តាចារ្យមកពីប្រទេសជប៉ុន បានបង្កើតក្រុមការងារមួយ និងបានធ្វើការពិភាក្សាជាច្រើន ហើយបានផ្ញើយោបល់ទៅក្រសួងអប់រំយុវជន និងកីឡា ដើម្បីបើកដំណើរការសាលាមត្តេយ្យ និងបឋមឡើងវិញ ដោយមិនចាំបាច់ទទួលថ្នាំបង្ការ ដូចទៅនឹងថ្នាក់អប់រំកំរិតខ្ពស់កាលពីខែមុន។ នេះជាការលើកឡើងរបស់ លោក ដៃគី វាតាណាបិ (Mr. Daiki Watanabe) នាយកប្រតិបត្តិនៃក្រុមហ៊ុន Wonderlab និងជាអ្នកដឹកនាំក្នុងកិច្ចពិភាក្សា ដើម្បីដាក់សំណើរដែលរៀបរាប់ខាងលើ។

ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសថាសាលាណាខ្លះនឹងបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីធ្វើការត្រួតពិនិត្យ ពោលគឺសាលា ដែលបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៕