(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយមានការអមដំណើរពីអស់លោក-ស្រីអភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ និងមន្ត្រីមួយចំនួនទៀត បានបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភ អាកុល និងម៉ាស ដើម្បីប្រើប្រាស់ទប់ស្កាត់កូវីដ១៩ និងផ្ដល់ថវិកាលើកទឹកចិត្តផងដែរ ដល់រដ្ឋបាលប៉ុស្ដិ៍ និងរដ្ឋបាលសង្កាត់ផ្សារដើមគ រដ្ឋបាលប៉ុស្ដិ៍ និងរដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

លោក ជា ពិសី នៅក្នុងពិធីសំណេះសំណាល ឧបត្ថម្ភថវិកា អាកុល និងម៉ាសនេះ បានជុំរុញឱ្យអស់លោក-លោកស្រីចៅសង្កាត់ និងសហការីទាំងអស់ ត្រូវតែយកចិត្តទុកដាក់ យ៉ាងមុតមាំបំផុត ក្នុងការបម្រើ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ តាមរយះការអនុវត្តតួនាទីភារកិច្ច ទាំងការពង្រឹងការងារទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលជាខឿនការពារសុខភាព និងអាយុជីវិត, ការពង្រឹងអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថភាព សំដៅលើការបង្ក្រាបទល្មើសផ្សេងៗ ដែលអាចនឹងបង្កអោយមានអសន្តិសុខក្នុងសង្គម បង្កឡើងដោយអំពើចោរកម្ម, គ្រឿងញៀន, ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ជាមួយការអនុវត្តរៀបចំ ថែរក្សាអនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ បង្កើនទាំងប្រសិទ្ធភាពផ្ដល់សេវាតម្រូវការ និងសេវាសំណូមពរ ប្រកបដោយ គណនេយ្យភាព «ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព» ដើម្បីឆ្លើយតបប្រសាសន៍ដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា សម្រាប់រដ្ឋបាលប៉ុស្ដិ៍ និងរដ្ឋបាលសង្កាត់ផ្សារដើមគ រដ្ឋបាលប៉ុស្ដិ៍ និងរដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ ទាំង២ដែលទទួលបានការឧបត្ថម្ភ ពីលោកអភិបាលខណ្ឌទួលគោក នៅក្នុងពិធីសំណេះសំណាលនេះ រួមមាន៖ ថវិកា១,០០០០០០រៀល (មួយលានរៀល) អាកុល២កាន និងម៉ាស៤០ប្រអប់ ក្នុងការលើកទឹកចិត្ត និងដើម្បីទប់ស្កាត់កូវីដ១៩៕