(ភ្នំពេញ)៖ លោកស្រី រាជ ផាវឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ និងជាចៅសង្កាត់ បន្ទាប់ពីទទួលបានការឯកភាពពីលោក ឯក ឃុនដឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឬស្សីកែវ បានសម្រេចដឹកនាំមន្ត្រីក្រោមឱវាទ ចុះធ្វើការណែនាំ ធ្វើកំណត់ហេតុ និងកិច្ចសន្យាឱ្យផ្អាកបណ្ដោះអាសន្ននូវទីតាំងក្លឹបកីឡាមួយកន្លែងភ្លាមៗ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩។

លោក ប៉ែន ស៉ីមាន ជំនួយការរដ្ឋបាលសង្កាត់ទួលសង្កែទី១ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News លោក ហាស់ កំសាន្ដ ថា ទីតាំងក្លឹបកីឡាមួយកន្លែងនេះ ស្ថិតនៅក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។

លោក ឯក ឃុនដឿន បានអនុញ្ញាតឱ្យលោកស្រី រាជ ផាវឿន ដឹកនាំកម្លាំងចុះផ្អាកបណ្ដោះអាសន្នទីតាំងក្លឹបកីឡានេះ ភ្លាមៗតាមសេចក្តីសម្រេចលេខ ២៨៣/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីបានរកឃើញថា ក្លឹបកំសាន្ដកីឡានេះបើកឲ្យមានមនុស្សប្រមូលផ្ដុំលេងវាយសី ដែលជាលក្ខណៈអាចបង្កជាហានិភ័យ នៃការរីករាលដាលឆ្លងជំងឺកូវីដ១៩ និងដើម្បីរួមគ្នាប្រយុទ្ធ ប្រឆាំងនិងទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩ ក្នុងការឈានទៅបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១»