(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានចុះបង្ក្រាបជនសង្ស័យ (ជនជាតិចិន) ចំនួន១៤នាក់ ក្នុងបទល្មើសចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងបទកាន់កាប់ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត ហើយបានរំដោះជនរងគ្រោះជាជនជាតិចិនម្នាក់ផងដែរ។ នេះបើយោងតាមរបាយការណ៍របស់អាវុធហត្ថដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ។

ប្រតិបត្តិការចុះបង្ក្រាបជនជាតិទាំង១៤នាក់នេះ បានធ្វើឡើងក្រោមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថ សហការជាមួយកម្លាំងស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ក្នុងរបាយការណ៍ បានឱ្យដឹងថា ប្រតិបត្តិការបានធ្វើឡើងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០៖០០នាទី នៅចំណុចអគារមួយកន្លែងក្បែរកាស៊ីណូជីងកាង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ ក្រោយទទួលបានព័ត៌មាននៃការចាប់បង្ខាំងជនរងគ្រោះខាងលើនេះ លោកទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្ត ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា សៀង សុខ ក៏បានសហការជាមួយកម្លាំងនគរបាល ចុះបើកប្រតិបត្តិការបង្ក្រាបតែម្តង។

ក្រោយចុះបង្ក្រាបកម្លាំងសមត្ថកិច្ច បានដកចាប់យកវត្ថុតាងរួមមានទី១៖ អាវុធវែងចំនួន ០១ដើម ម៉ាក AK47 ពណ៌ខ្មៅ បង់ចំនួន០២, គ្រាប់ចំនួន៦៥គ្រាប់, ទី២៖ អាវុធវែងចំនួន ០១ដើម ម៉ាក M4 ពណ៌ខ្មៅ បង់ចំនួន០១, គ្រាប់ចំនួន៣០គ្រាប់, ទី៣៖ អាវុធខ្លីចំនួន ០២ដើម ម៉ាក K54 ពណ៌ខ្មៅ បង់ចំនួន ០២, ទី៤៖ អាវុធខ្លីចំនួន ០១ដើម ម៉ាក K59 ពណ៌ខ្មៅ បង់ចំនួន០១, ទី៥៖ អាវុធខ្លីចំនួន ០១ដើម ម៉ាក CF98 ពណ៌ខ្មៅ បង់ចំនួន០១, ទី៦៖ អាវុធខ្លីចំនួន ០១ដើម ម៉ាករ៉ូឡូ ពណ៌ស គ្រាប់ចំនួន០៤គ្រាប់, ទី៧៖ គ្រាប់អាវុធខ្លីចម្រុះមួយចំនួន និងទី៨៖ រថយន្តចំនួន ០១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-0199។

បច្ចុប្បន្ននេះ កម្លាំងការិយាល័យជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីបន្តនីតិវិធីនៅថ្ងៃស្អែក៕