(កំពង់ធំ)៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីសម្ពោធជាផ្លូវការរោងម៉ាស៊ីនកិនស្រូវ ដេលីហ្វ្រេស ហ្វូដ និងចូលរួមធ្វើជាសាក្សីផងដែរ ក្នុងកម្មវិធីចុះហត្ថលេខា និងការចុះអនុស្សារណៈយោគយល់គ្នាស្តីពី ភាពជាដៃគូរលើការផ្គត់ផ្គង់ទីផ្សារស្រូវអង្ករ រវាងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងក្រុមហ៊ុន ដេលីហ្រ្វេសហ៊្វូដ។

លោក កៅ ថាច បានសំដែងនូវសេចក្តីត្រេកអរ និងអបអរសាទរជូនលោក ជួរ ផេង ប្រធានក្រុមហ៊ុន ដេលីហ្វ្រសហ៊្វូដ និងភាគហ៊ុននិកទាំងអស់ ចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងម៉ាស៊ីនកិនស្រូវដ៏ថ្មីស្រឡាងនេះ ហើយចំពោះសមិទ្ធិផល ដែលបានចាប់បដិសិន្និឡើង ចេញជារូបរាងនៅថ្ងៃនេះ គឺសបញ្ជាក់ឱ្យឃើញពីការគិតគូរ និងការខិតខំប្រឹងប្រែងប្រកបដោយការដាក់ផែនការ ច្បាស់លាស់របស់ប្រធានក្រុមហ៊ុន និងសមាជិកទាំងអស់។

លោក កៅ ថាច បានធ្វើការរំលឹក និងគូសរំលេចឡើងវិញជុំវិញ ការធ្លាក់ចុះតំលៃស្រូវកាលពីឆ្នាំ២០១៦ ប៉ុន្តែដោយមានអន្តរាគមន៍បន្ទាន់របស់រាជរដ្ឋាភិបាល បញ្ហាតំលៃស្រូវត្រូវបានដោះស្រាយទាន់ពេលវេលា។ ជាមួយគ្នានេះតាមរយៈការទំលាក់ហិរញ្ញប្បទានជាបន្តបន្ទាប់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការផ្តល់ឥណទានជាទុនវិនិយោគដល់រោងម៉ាស៊ីនកិនស្រូវ ដែលមានគុណវុឌ្ឍគ្រប់គ្រាន់ ដើម្បីសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ និងឥណទានជាទុនបង្វិល ដើម្បីទិញស្រូវដោយអត្រាការប្រាក់ទាប។

ជាក់ស្តែងតាមរយៈហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ក្រុមហ៊ុន ដេលី ហ្រ្វេសហ៊្វូដ លោក កៅ ថាច បានធ្វើការវាយតម្លៃខ្ពស់ និងជឿជាក់ថា រោងម៉ាស៊ីនកិនស្រូវថ្មី នេះ និងរួមចំណែកជួយបំពេញបន្ថែម និងស្រូបយកទីផ្សារស្រូវ ពីក្នុងតំបន់ផ្ទាល់ និងនៅតំបន់ជុំវិញនៃខេត្តកំពង់ធំទាំងមូល និងបណ្តាខេត្តក្បែរខាង ព្រមជាមួយការបង្កើតការងារថ្មីៗបន្ថែម ជូនដល់បងប្អូនកូនក្មួយនៅក្នុងមូលដ្ឋានផងដែរ។

បន្ថែមលើនេះ តាមរយៈអនុស្សារណៈ ស្តីពីភាពជាដៃគូរលើការផ្គត់ផ្គង់ទីផ្សារស្រូវអង្ករ រវាងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងក្រុមហ៊ុន ដេលីហ្រ្វេសហ៊្វូដ លោក កៅ ថាច បានធ្វើការលើកទឹកចិត្តឱ្យកសិករខិតខំផលិតស្រូវ និងលក់ឱ្យរោងម៉ាស៊ីនតាមតម្លៃទីផ្សារ ដែលបានព្រមព្រៀងគ្នា។

លោកស្នើសុំឱ្យភាគីទាំងពីរ គឺភាគីរោងម៉ាស៊ីន និងសហគមន៍ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពនូវកិច្ចសន្យាកសិកម្ម ដោយឈរលើគោលការណ៍ស្មោះត្រង់រវាងគ្នា។

ជាមួយគ្នានេះ លោក កៅ ថាច ក៏បានលើកឡើងផងដែរពីតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ឥណទាន ដោយអត្រាការប្រាក់ទាបដល់គ្រប់តួអង្គ ក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការពង្រីកការដាំដុះ ផលិត កែច្នៃ និង វេចខ្ចប់ ជាដើម៕