(ព្រះវិហារ)៖ បន្ទាប់ពីមានទឹកភ្លៀងធ្លាក់ជោគជាំជាច្រើនថ្ងៃជាប់ៗគ្នា ផ្លូវខ្លះក្នុងខេត្តព្រះវិហារត្រូវបានជន់លិន លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវនានាក្នុងភូមិសាស្ត្រខេត្តត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារផ្លូវមួយចំនួន មានការជនលិចដោយសារទឹកភ្លៀង ខណៈកន្លែងខ្លះត្រូវទឹកហូរគួចហូរខ្លាំង ក៏ក្លាយជាជង្ហុកអាចបង្ករជាគ្រោះថ្នាក់។

លោក សំ លាងទ្រី បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះថា ដោយសារតែទឹកភ្លៀង ធ្លាក់ជាប់ៗគ្នា ប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យផ្លូវជាតិលេខ៩៤ លេខ៩២ និងផ្លូវខេត្តលេខ 2pvh4 ត្រូវបានទឹកហូរកាត់ជន់លិចដោយកន្លែង ហើយកន្លែងខ្លះទៀតដោយសារទឹកហូរគួចហូរខ្លាំង ក៏ក្លាយជាជង្ហុកក៏មានផងដែរ។

ជាមួយនឹងស្ថានភាពគ្រោះធម្មជាតិបែបនេះ ក្រុមការងារជួសជុល និងថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានចុះដាក់ស្លាកសញ្ញា ឱ្យអ្នកធ្វើដំណើរមានការប្រុងប្រយ័ត្ន ដូចជាដោតបង្គោល និងមែនឈើធំៗកន្លែងដែលខូចខាតជាដើម ហើយមន្ទីរសាធារណការ ប្តេជ្ញាចិត្តនឹងធ្វើការជួសជុល និងកែសម្រួលឱ្យ ប្រសើរឡើងវិញក្រោយទឹកស្រកអស់។

លោក សំ លាងទ្រី បានថ្លែងឱ្យដឹងដែរថា ដោយអនុវត្តន៍តាមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានយកចិត្តទុកដាក់ក្នុងការជួសជុល ថែទាំជាប្រចាំ ផ្លូវដែលគ្រប់គ្រងដោយមន្ទីរ ដោយមិនគិត ពីរដូវប្រាំង និងរដូវវស្សានេះទេ ធ្វើយ៉ាងណាមិនឱ្យមានគ្រលុក និងសំបុកមាន់ ពិសេសស្របពេលរដូវវស្សាចូលមកដល់ មន្ទីរបានដាក់ក្រុមការងារប្រចាំការ ២៤ម៉ោង/ ២៤ម៉ោង នៅតាមគោលដៅសំខាន់ៗ ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា ពេលមានករណីគ្រោះទឹកជំនន់ជាយថាហេតុកើតឡើង៕