(ស្វាយរៀង)៖ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានរកឃើញអាជីវករលក់មាស និងជាងមាសនៅក្នុងផ្សារវាលយន្ត ស្ថិតនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង កើតជំងឺកូវីដ១៩ ប្រភេទ ដែលតា (Delta) នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលធ្លាប់ទៅផ្សារវាលយន្ត និងអ្នកពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ត្រូវធ្វើចត្តាឡីស័ក និងតាមដានសុខភាពខ្លួនឯង។

ក្រុមការងារស្រាវជ្រាវជំនាញ ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន នឹងស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកនៅតាមទីតាំងយកសំណាកនៅជិតផ្ទះ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕