(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលអំណោយជាគ្រែពេទ្យចំនួន១៨០គ្រែ ដោយគិតជាទឹកប្រាក់ចំនួន ៥៤,០០០ដុល្លារ ពីម្ចាស់ សហគ្រាស ទៀ ណាំហាក់ ដើម្បីយកទៅប្រើប្រាស់នៅតាមមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងខេត្ត។

ក្នុងនោះដែរលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណគុណដល់សហគ្រាស ទៀ ណាំហាក់ ដែលបានធ្វើការឧបត្ថម្ភ គ្រែពេទ្យចំនួន១៨០ជាបន្តបន្ទាប់កន្លងមក គិតជាទឹកប្រាក់ចំនួនប្រាក់ ៥៤,០០០ដុល្លារ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលខេត្តបន្ទាយមានជ័យ។

លោកថាមនុស្សធម៌ទាំងអស់នេះ លោកនឹងខិតខំប្រើប្រាស់ឱ្យចំទិសដៅនៅតាមមន្ទីរពេទ្យបង្អែកក្នុងខេត្តបន្ទាយមានជ័យ ទាំងអស់។

ក្នុងនោះម្ចាស់សហគ្រាស ទៀណាំហាក់ ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេស គឺខេត្តបានគ្រប់គ្រងអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ និងបានបញ្ជូនឱ្យពួកគាត់មកធ្វើចត្តាឡីស័ក និងព្យាបាលបានយ៉ាងល្អប្រសើរផងដែរ។

សគ្រាសរបស់លោកសូមទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្ត្រីសុខាភិបាលត្រូវរួមសហការគ្នាឱ្យកាន់តែប្រសើរថែមទៀត ដើម្បីទប់ស្កាត់កុំឱ្យកើតមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ បន្តទៀតដោយត្រូវបន្តផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ ក្នុងការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសត្រូវរួមគ្នា អនុវត្តបានខ្ជាប់ខ្ជួនតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនផងដែរ៕