(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋក្នុងស្រុកតាលោសែនជ័យ ចំនួន០២នាក់ បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន០២ករណីផ្សេងគ្នា រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញ ដើម្បីរំដោះចេញ ជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។

បើតាមលោកវរសេនីយឯក ឌុច សម្ផស្ស នាយសេនាធិការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានឱ្យដឹងថា ហេតុការណ៍ប្រទះឃើញខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើល នាវេលាម៉ោង ១៣៖៣៨នាទីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ រវាងប្រជាពលរដ្ឋឈ្មោះ ម៉ាន សាយ័ន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខណៈទៅភ្ជួរដីស្រែ ប្រទះឃើញក្បាលបំបែកគ្រាប់ ប្រភេទ M៤៧ ចំនួន៥០គ្រាប់ នៅចំណុចច្រាំងចោត ភូមិ/ឃុំខាងលើ។

ដោយឡែកករណីទី២ បង្កឱ្យមានការភ្ញាក់ផ្អើល នាវេលាម៉ោង ១៤៖២៨នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ដូចគ្នា រវាងប្រជាពលរដ្ឋឈ្មោះ ចាន់ គឹម ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ បានជិះម៉ូតូដល់មុខផ្ទះ ប្រទះឃើញគ្រាប់បែកដៃ (ក្រឡាទាប) ប្រភេទ F១ ចំនួន០១គ្រាប់ នៅចំណុចច្រាំងចោត ភូមិ/ឃុំខាងលើ។

បច្ចុប្បន្ន ទាំងក្បាលបំបែកគ្រាប់ និងគ្រាប់បែកដៃ ត្រូវបានកម្លាំងសមត្ថកិច្ច របស់អង្គការ Halo Trust ធ្វើការរំដោះចេញពីទីតាំងនោះ ជៀសវាងបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ៕