(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានលើកឡើងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គឺដើម្បីកសាងបាននូវបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូអនឡាញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

ទាក់ទងនឹងប្រធានបទនៃកិច្ចប្រជុំប្រធាន គ.ជ.ប បានលើកឡើងដូចខាងក្រោម៖

ទី១៖ ការប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

អនុលោមតាមមាត្រា១៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប ត្រូវផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ៩០ថ្ងៃយ៉ាងតិច មុនថ្ងៃបោះឆ្នោត។ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គឺនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។ ដើម្បីត្រៀមរៀបចំ និងអនុវត្តការងារតាមដំណាក់កាលបានជោគជ័យ គ.ជ.ប បានរៀបចំផែនការមេ និងប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ទី២៖ ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ដើម្បីធានាបាននូវសុក្រឹតភាពនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គ.ជ.ប បានចាត់ឱ្យលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត សហការជាមួយអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមេភូមិ ក្នុងការស្រង់ស្ថិតិប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ដើម្បីកំណត់ចំនួនអ្នកដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ចំនួនអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន និងឈ្មោះទីតាំងការិយាល័យបោះឆ្នោត។

ជាលទ្ធផលនៃដំណើរការនេះ គ.ជ.ប ទទួលបាននូវទិន្នន័យប៉ាន់ស្មាន ដូចខាងក្រោម៖

*ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង មានចំនួន ១០,៤៦៧,៩៦១នាក់
*ការិយាល័យបោះឆ្នោត ឆ្នាំ២០២១ មានចំនួន ២៣,៦១១ការិយាល័យ
*ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះថ្មី មានចំនួន ១,៦៣៥,៩៩០នាក់
*ប្រជាពលរដ្ឋដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន ៨៣,០៤៣នាក់ ។

ទី៣៖ ការចែកលិខិតអញ្ជើញប្រជាពលរដ្ឋដើម្បីពិនិត្យ និងកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោត ដើម្បីភាពត្រឹមត្រូវនៃបញ្ជីបោះឆ្នោត គ.ជ.ប បានចេញលិខិតអញ្ជើញប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២០ ឱ្យមកពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ដែលដំណើរការនោះ នឹងប្រព្រឹត្តទៅតាមឃុំ សង្កាត់ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

ទី៤៖ ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសារព័ត៌មានជាតិ

*ក៖ អ្នកសង្កេតការណ៍ជាតិ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល អាចបញ្ជូនតំណាងរបស់ខ្លួនមកចូលរួមសង្កេតការណ៍ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដោយត្រូវបំពេញបែបបទ តាមលក្ខខណ្ឌកំណត់ដោយ គ.ជ.ប។ ពាក្យស្នើសុំចុះឈ្មោះត្រូវទាញយកពីគេហទំព័ររបស់ គ.ជ.ប ឬមកយកពីនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម នៅទីស្តីការ គ.ជ.ប ហើយត្រូវដាក់ពាក្យស្នើសុំរបស់ខ្លួននៅ គ.ជ.ប។ គ.ជ.ប នឹងចាប់ផ្តើមទទួលពាក្យស្នើសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។

*ខ៖ ភ្នាក់ងារគណបក្សនយោបាយ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ គណបក្សនយោបាយមានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួនតាមការចាំបាច់ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងតាមការិយាល័យចុះឈ្មោះបោះឆ្នោតដែលកំណត់ដោយ គ.ជ.ប ។ ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ឬទាញយកពីគេហទំព័ររបស់ គ.ជ.ប។

*គ៖ អ្នកសារព័ត៌មានជាតិ អ្នកសារព័ត៌មានជាតិ ដែលមានបំណងចូលរួមយកព័ត៌មានក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានសិទ្ធិដាក់ពាក្យសុំចុះឈ្មោះដោយផ្ទាល់ទៅ គ.ជ.ប ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ លក្ខខណ្ឌ និងឯកសារតម្រូវផ្សេងៗ ត្រូវកំណត់ដោយ គ.ជ.ប ដូចមានចែងក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ ពាក្យស្នើសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ អាចទាញយកពីគេហទំព័ររបស់ គ.ជ.ប ឬមានការចែកជូនដោយឥតគិតថ្លៃនៅនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅទីស្តីការ គ.ជ.ប។

ទី៥៖ ការចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសារព័ត៌មានអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលមានបំណងចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវបំពេញទម្រង់បែបបទពាក្យស្នើសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិដែលកំណត់ដោយ គ.ជ.ប និងត្រូវដាក់ពាក្យសុំចុះឈ្មោះនៅ គ.ជ.ប ឬផ្ញើទម្រង់ពាក្យសុំតាមរយៈអ៊ីម៉ែលមក គ.ជ.ប ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ។ គំរូទម្រង់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិមាននៅលើគេហទំព័ររបស់ គ.ជ.ប។

ចំពោះអ្នកសារព័ត៌មានអន្តរជាតិ អាចទាញយកពាក្យស្នើសុំពីគេហទំព័ររបស់ គ.ជ.ប និងអាចដាក់ពាក្យស្នើសុំដោយផ្ទាល់មក គ.ជ.ប ឬផ្ញើពាក្យសុំតាមរយៈអ៊ីម៉ែលមក គ.ជ.ប ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

នាឱកាសនោះដែរ ប្រធាន គ.ជ.ប បានណែនាំដល់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត មន្រ្តី បុគ្គលិក និងក្រុមចុះឈ្មោះបោះឆ្នោតទាំងអស់ត្រូវប្រកាន់ខ្ជាប់ និងអនុវត្តតាមវិធានការសុខាភិបាល ដែលបានកំណត់ដោយរាជរដ្ឋាភិបាល។

សូមជម្រាបជូនថា តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលដែលចូលរួម បានចាប់អារម្មណ៍នូវចំណុចសំខាន់ៗមានជាអាទិ៍ ការសុំផ្លាស់ប្តូរការិយាល័យបោះឆ្នោត ការដាក់ចំនួនភ្នាក់ងារគណបក្សនយោបាយ និងឯកសារបម្រើឱ្យការចុះឈ្មោះបោះឆ្នោតជាដើម ហើយ គ.ជ.ប បានឆ្លើយបំភ្លឺគ្រប់សំណួរ។

ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូមាន តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ស្ថានទូតជប៉ុន អង្គការមិនមែនរដ្ឋាភិបាល គណបក្សនយោបាយ អង្គភាពសារព័ត៌មាន និងមន្ត្រីនៃទីស្តីការ គ.ជ.ប សរុបអ្នកចូលរួមមានចំនួន ៩០នាក់៕