(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា សម្រាប់រយៈពេល១ខែសីហា ឆ្នាំ២០២១ កន្លងមកនេះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន ៤៤០ករណី កើនឡើង ១១១ករណី ស្មើនឹង៣៣,៧ភាគរយ ធៀបនឹងខែកក្កដា ឆ្នាំ២០២១ ចាប់យកគ្រឿងញៀនសរុបចំនួន៥៧គីឡូក្រាម និង៩១២,៥៤ក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន៨៦១នាក់។

តាមទំព័រ Facebook ផ្លូវការនៅថ្ងៃទី១៣ ខែកញ្ញានេះ សម្តេចក្រឡាហោម ស ខេង បានឱ្យដឹយ៉ាងដូច្នេះថា៖ ថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងខែសីហា ឆ្នាំ២០២១ ដែលនៅក្នុងរយៈពេល១ខែនេះ សមត្ថកិច្ចយើងបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន ៤៤០ករណី កើនឡើង ១១១ករណី ស្មើនឹង៣៣,៧ភាគរយ ធៀបនឹងខែកក្កដា ឆ្នាំ២០២១។

ករណីល្មើសដែលបង្ក្រាបបានទាំងនោះរួមមាន៖ ករណីរក្សាទុកជួញដូរ និងរក្សាទុកមានចំនួន៣៥៥ករណី, ករណីប្រើប្រាស់មានចំនួន៨៤ករណី និងករណីសំយោគកែច្នៃ១ករណី។

កិច្ចប្រតិបត្តិការខែសីហាកន្លងទៅនេះដែរ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន៨៦១នាក់។ ចំនួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទាំងនេះ មានការកើនឡើងចំនួន១២នាក់ ធៀបនឹងខែកក្កដា ឆ្នាំ២០២១ ស្មើនឹង១,៤ភាគរយ។ ក្នុងចំណោមជនសង្ស័យទាំនោះ រួមមានជនសង្ស័យក្នុងករណីជួញដូរ និងរក្សាទុកមានចំនួន៦៥០នាក់, ជនសង្ស័យក្នុងករណីប្រើប្រាស់គ្រឿងញៀន២១០នាក់ និងជនសង្ស័យក្នុងករណីសំយោគ កែច្នៃ មាន១នាក់។ មានជនបរទេស២១នាក់ ស្ថិតក្នុងចំណោមជនសង្ស័យទាំងនោះ។

ថ្វីដ្បិតថាករណីគ្រឿងញៀន និងចំនួនជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនបាន មានការកើនឡើងធៀបនឹងខែកក្កដា ប៉ុន្តែក្នុងកិច្ចប្រតិបត្តិការខែសីហានេះ ចំនួនគ្រឿងញៀនដែលសមត្ថកិច្ចចាប់យកបានថយចុះ១៦១គីឡូក្រាម និង៥៤៨,១៧ក្រាម ថយចុះ៧៣,៦ភាគរយ ពោលគឺសមត្ថកិច្ចយើងបានចាប់យកគ្រឿងញៀនសរុបចំនួន៥៧គីឡូក្រាម និង៩១២,៥៤ក្រាម ធៀបនឹងខែកក្កដា ដែលមានគ្រឿងញៀនចាប់យកជិត២២០គីឡូក្រាម។ កំណើនកាលពីខែកក្កដានោះ ក៏ដោយសារសមត្ថកិច្ចយើងបង្ក្រាបបានករណីធំៗ»។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គ្រឿងញៀនដែលចាប់បានក្នុងខែសីហា ឆ្នាំ២០២១នេះ រួមមាន៖ មេតំហ្វេតាមីនក្រាមម្ស៉ៅជាង៣៧គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់ជា៣៥គីឡូក្រាម, អ៊ិចស្រ្តាស៊ីជាង១២គីឡូក្រាម, កេតាមីនជាង៧គីឡូក្រាម, Ninetazepam ជាង២០០ក្រាម និងកញ្ឆាស្ងួតជាង១គីឡូក្រាម។ ក្នុងចំណោមករណីបង្ក្រាបបាននេះដែរ បទល្មើសគ្រឿងញៀនចាប់ពី១គីឡូក្រាមឡើងទៅមាន៤ករណី ស្មើនឹង៤ក្រុម ក្នុងនោះឃាត់ខ្លួនជនសង្ស័យបាន៨នាក់ បណ្ដាញ៨នាក់ ព្រមទាំងមានគ្រឿងញៀនសរុបករណីនេះដល់ទៅជាង២០គីឡូក្រាម សាធាតុផ្សំសរុបជាង២គីឡូក្រាម និងកញ្ឆាស្ងួតជាង១គីឡូក្រាម។

ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង សូមផ្ញើនូវសេចក្ដីកោតសរសើរ និងការលើកទឹកចិត្តខ្ពស់ជាថ្មីម្ដងទៀត ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ទាំងស៊ីវិល នគរបាល និងកងរាជអាវុធហត្ថ ដែលបានខិតខំរួមសហការគ្នាយ៉ាងល្អ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជនយើង។

ក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម ស ខេង ក៏សូមផ្ញើសារជូនជនរួមជាតិ គ្រប់មជ្ឈដ្ឋានសង្គម និងកម្លាំងអនុវត្តច្បាប់ទាំងអស់ សូមចូលរួមគាំទ្រ និងអនុវត្តពាក្យស្លោកជាតិ ៣ការពារ ១រាយការណ៍ ដូចខាងក្រោម៖

ទី១៖ កុំពាក់ព័ន្ធ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។
ទី២៖ កុំអន្តរាគមន៍៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្កិក៏ដោយ ។
ទី៣៖ កុំលើកលែង៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីៈវរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់។

មួយរាយការណ៍៖ ត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ដើម្បីយើងអាចបន្តរួមកម្លាំងសាមគ្គីជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាសត្រូវនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធនធានមនុស្ស ជាពិសេសធនធានយុវជន ដែលជាសសរទ្រូងប្រទេសជាតិ៕