(កំពង់ធំ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយអាជ្ញាធរដែនដីនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានទៅប្រគល់ផ្ទះថ្មី១ខ្នង ដល់គ្រួសារអតីតយុទ្ធ ដែលត្រូវអគ្គិភ័យលេបត្របាក់ខ្ទេចនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ផ្ទះថ្មីដែលទើបសាងសង់រួចប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលី នៅពេលនេះគឺជាខ្នងផ្ទះទី១៩៨ ដែលមានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ដែលបានសាងសង់ដោយក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។

ក្រោយពេលអគ្គិភ័យឆាបឆេះផ្ទះអស់ លោក សាន ស៊ឹម ដើរជ្រកកោនជាមួយផ្ទះបងប្អូនអ្នកជិតខាងហើយគ្មានជម្រកស្នាក់នៅ និងគ្មានលទ្ធភាពក្នុងការសាងសង់ផ្ទះជាថ្មីឡើងវិញ បានថ្ងៃនេះបានទទួលផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

គ្រួសារអតីតយុទ្ធជនពលី ឈ្មោះ សាន ស៊ឹម អាយុ៦៩ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន៦នាក់ ដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះអស់១ខ្នង ដែលមានទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ សាងសង់ពីឈើរនៀប និងជញ្ជាំងក្តា ដំបូលប្រក់ស័ង្កសី កាលពីពេលថ្មីៗកន្លងមកនេះ នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នាឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

គួរបញ្ជាក់ដែរថា ព្រោះអតីតយុទ្ធជនបានរួមចំណែកយ៉ាងធំធេង ជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះដែលបាននាំមកនូវសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះបើគ្មានការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនអតីតយុទ្ធជន ដើម្បីជាតិនិងមាតុភូមិយើងនោះទេយើងក៏មិនមានអ្វីៗគ្រប់បែបយ៉ាងនៅថ្ងៃនេះដែរ។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមានអង្ករចំនួន ៥០គីឡូក្រាម, មីចំនួន២កេស, ទឹកត្រី១យួរ, ទឹកសុទ្ធចំនួន០២យួរ និងថវិកាមួយចំនួនផងដែរ។

អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជនពលី នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានចិត្តរំភើបរីករាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ដែលបានជួយដោះស្រាយការលំបាករបស់គាត់នៅពេលនេះ និងបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនឹងពុទ្ធពរទាំង៥ ប្រការកុំបីឃ្លានឃ្លាតឡើយ៕