(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវ បានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៦៩)។

ក្រសួងការងារ បានជម្រាបជូនរបៀបបើកប្រាក់ឧបត្ថម្ភថា៖ ធនាគារឯកទេសវីងនឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទ ដែលកម្មករនិយោជិតបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក ហើយ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ ហើយកម្មករនិយោជិត ត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។រីឯប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះមាន៖
*១៖ ១២១ ៥០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ
*២៖ ១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។ សូមបញ្ជាក់ថា សម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងាររយៈពេល ២ខែ ប្រាក់ឧបត្ថម្ភនឹងត្រូវបើកជា ២លើក ដោយលើកទី២ នឹងបើកនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

ក្រសួងសូមរំឮកថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក។

នៅក្នុងករណីកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាសទាំង៤២ នេះ មិនបានទទួលសារ ទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន។ ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មកររោងចក្រ សហគ្រាសដទៃ ផ្សេងទៀតអំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖