(ភ្នំពេញ)៖ អង្ករចំនួន៣៣តោន ត្រូវបានក្រុមហ៊ុន អិមដាប់បែលយូជី (ខេមបូឌា) ឯ.ក ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ខណៈដែលជំងឺនេះ បាននិងកំពុងឆ្លងរាលដាលនៅឡើយ មិនថានៅភ្នំពេញ ឬនៅតាមបណ្តាខេត្តនានា។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក នួន ផារ័ត្ន ក្នុងឱកាសនោះ បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន អិមដាប់បែល យូជី (ខេមបូឌា) ឯ.ក ដែលបានឧបត្ថម្ភ អង្ករ ចំនួន៣៣តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ១៩។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នៅភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសបានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕