(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត បានសម្តែងទឹកព្រះទ័យសោមនស្សរីករាយ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា ដែលបានទទួលមេដាយមាសសន្តិភាពពិភពលោក «World Summit Peace» ក្នុងនាមជាសហប្រធានសម្រាប់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោក ឆ្នាំ២០២១ ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមមប្រធានបទស្តីពី «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» ។

ក្នុងព្រះរាជសារដែល Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះវររាជមាតាជាតិខ្មែរ បានសម្តែងទឹកព្រះទ័យ កោតសរសើរដ៏កក់ក្ដៅ ចំពោះសម្តេចតេជោ ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៏ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ប៉ិនប្រសប់ និងដោះស្រាយ ជៀសផុតឧបសគ្គដ៏លំបាកទាំងអស់ មានការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ជាដើម ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ។

ព្រះវររាជមាតាជាតិខ្មែរ ទ្រង់សព្វព្រះរាជហឫទ័យជូនពរ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុម គ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ។

សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលបានមេដាយសន្តិភាពពិភពលោក (World Summit Peace) ក្នុងនាមជាសហប្រធានសម្រាប់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោក ឆ្នាំ២០២១ ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧។ ការទទួលបានមេដាយនេះ អមជាមួយទឹកប្រាក់ ១លានដុល្លារផងដែរ។ ទឹកប្រាក់ ១លានដុល្លារនេះ ត្រូវបានសម្តេចតេជោ បរិច្ចាគសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា។

តាមរយៈការទទួលបានមេដាយនេះ បានបង្ហាញឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយដែលត្រូវបានពិភពលោកមើលឃើញថា ជាមេដឹកនាំដែលបានខិតខំ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសន្តិភាពសម្រាប់កម្ពុជា តំបន់ និងលើពិភពលោក៕