(ស្វាយរៀង)៖ បន្ទាប់ពីបានឃើញ ក្រុមស្ម័គ្រចិត្តកម្ពុជាចិនបានបង្ហោះព័ត៌មានក្នុង Wechat ពីការឧបត្ថម្ភថវិកាជូនដល់គ្រួសារជនរងគ្រោះ ដែលស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ នៅខេត្តស្វាយរៀងនោះ, ជនជាតិចិនម្នាក់ ដោយក្តីអាណិតអាសូរ តាមរយៈក្រុមស្ម័គ្រចិត្តកម្ពុជាចិន បានឧបត្ថម្ភថវិកាចំនួន១៦៨៨ដុល្លារជូនក្រុមគ្រួសារអ្នកស្លាប់នោះ ដើម្បីសម្រាលដល់ទុក្ខលំបាក។

អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះ មានឈ្មោះ ម៉ៅ សៀងហោ ភេទស្រី អាយុ៦៨ឆ្នាំ រស់នៅជាមួយកូនស្រីឈ្មោះ សេង ចន្ធូ នាភូមិបឹងរ៉ៃជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានទទួលមរណភាពកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

ថវិកាចំនួន១៦៨៨ដុល្លារ ត្រូវបានប្រគល់ជូនកូនស្រីឈ្មោះ សេង ចន្ធូ។ អ្នកស្រី សេង ចន្ធូ ត្រូវជាកូនបានរៀបរាប់ថា គ្រួសាររបស់ខ្លួន មានសមាជិក៦នាក់ រួមមានអ្នកស្រី, ស្វាមីអ្នកស្រី, ម្តាយ (ស្លាប់ដោយកូវីដ១៩) និងកូន៣នាក់។

អ្នកស្ត្រីបន្តថា ប្តីរបស់អ្នកស្រីជួយធ្វើសំណង់ឲ្យគេរកគ្រប់ហូបមួយថ្ងៃៗទេ ហើយកូនពៅរបស់អ្នកស្រី អាយុ១ឆ្នាំកន្លះ បានស្លាប់ដោយសារឈ្លក់ម្ទេះចូលបំពង់ខ្យល់ ជូនទៅពេទ្យភ្លាមៗដែរ តែជួយមិនបាន។ មិនយូរប៉ុន្មានម្តាយរបស់អ្នកស្រី ក៏បានធ្លាក់ខ្លួនឈឺ អ្នកស្រីក៏បានខ្ចីលុយគេ ដើម្បីព្យាបាលជំងឺគាត់ ក្រោយមកក៏ដឹងថា ម្តាយវិជ្ជមានកូវីដ១៩ បានមួយថ្ងៃក៏បានទទួលមរណភាព ដោយសារកូវីត១៩ទៀត។

អ្នកស្រី ចន្ធូ បន្តថា «ខ្ញុំត្រូវជួបទុក្ខផ្ទួនៗ បច្ចុប្បន្នគ្រួសារខ្ញុំ បានចេញពីចត្តាឡីស័កបាន១សប្តាហ៍ហើយ តែមិនទាន់រកការងារបានទេ ហើយត្រូវចំណាយប្រចាំថ្ងៃទៀត ខ្ញុំត្រូវបាត់បង់អ្នកជាទីស្រលាញ់២នាក់ ក្នុងពេលតែមួយ ហើយត្រូវជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរទៀត»

តំណាងក្រុមស្ម័គ្រចិត្តកម្ពុជាចិន បានអះអាងថា ការជួយរបស់ជនជាតិចិននេះ ផ្តើមចេញពីសមាគមរបស់ខ្លួន ដែលតែងតែធ្វើនូវសកម្មភាពមនុស្សធម៌ឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារ ដែលមានសមាជិកស្លាប់ ដោយសារជំងឺកូវីដ១៩ក្នុងមួយគ្រួសារ១៥០ដុល្លារ។

ដោយរំភើបនូវសកម្មភាព ក៏ដូចជាមានចិត្តអាណិតអាសូរ ដល់ជនរងគ្រោះ ជនជាតិចិនម្នាក់ បានផ្តល់ថវិកាដល់ក្រុមគ្រួសារនោះចំនួន១៦៨៨ដុល្លារ ក្នុងគោលបំណងជួយសម្រាលបន្ទុក និងផ្តល់នូវដើមទុនបន្តិចបន្តួច ដើម្បីបន្តមុខរបរដ៏តូចដល់គ្រួសារដែលកំពុងខ្វះខាត។

សកម្មភាពនេះ បានបង្ហាញនូវសន្តានចិត្តជនជាតិចិន ចំពោះប្រជាពលរដ្ឋកម្ពុជា ហើយក៏ជាការជំរុញចំណងមិត្តភាពរវាងកម្ពុជា-ចិន ពង្រឹងទំនាក់ប្រជាជនទាំងទ្វេផងដែរ៕