(ស្វាយរៀង)៖ លោកយាយអាយុ១០០ឆ្នាំ ចំនួន២នាក់បន្ថែមទៀតហើយ នៅស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីពួកគាត់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាំយកទៅប្រគល់ជូនដល់ខ្នងផ្ទះរបស់ពួកគាត់ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកយាយទាំង២នាក់ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន រួមមាន៖

*ទី១៖ លោកយាយ សៅ នាង អាយុ១០១ឆ្នាំ រស់នៅភូមិព្រៃចំបក់ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង
*ទី២៖ លោកយាយ ជ័យ ពៅ អាយុ១០០ឆ្នាំ រស់នៅភូមិត្រពាំងថ្លក់ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនពួកគាត់ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាព ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ និងមូលហេតុអ្វីដែលជំរុញឲ្យពួកគាត់ ទៅទទួលយកនូវការចាក់វ៉ាក់សាំង។

លោកយាយទាំង២នាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ ព្រមទាំងបានបង្ហាញនូវក្ដីរំភើបរីករាយ នៅពេលទទួលបានអំណោយនាឱកាសនេះ។

បន្ថែមពីនេះ ពួកគាត់បានបង្ហាញនូវការយល់ឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺពិតមានជាសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់ បើទោះបីពួកគាត់ចាស់ជរាក៏ពិតមែន ប៉ុន្ដែវ៉ាក់សាំងអាចការពារពួកគាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ បើទោះបីពួកគាត់ឆ្លងដោយប្រការណាមួយ ក៏មិនបណ្ដាលឲ្យគាត់ឈឺធ្ងន់ធ្ងរនោះដែរ។

សូមជម្រាបថា ព្រមពេលជាមួយនឹងការនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនលោកយាយអាយុ១០០ឆ្នាំនាឱកាសនេះ លោកស្រី ឱ វណ្ណឌីន ក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ដែលមានការចូលរួមពី លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងផងដែរ។

លោក ម៉ែន វិបុល បានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ខេត្តស្វាយរៀង ប្រជាពលរដ្ឋអាយុ១៨ឡើង ចាក់បាន៨៦.៣៦ភាគរយ និងកុមារ និងវ័យជំទង់ចាប់ពីអាយុ១២ឆ្នាំ ទៅដល់ក្រោម១៨ឆ្នាំ ចាក់បាន ៨៣.៨៨ភាគរយ។

ក្រោយពីបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ មន្ទីរសុខាភិបាល នឹងបន្តការចាក់វ៉ាក់ សាំងជូនកុមារនិងវ័យជំទង់ ចាប់ពីអាយុ១២ឆ្នាំ ទៅដល់ក្រោម១៨ឆ្នាំ និងប្រជាពលរដ្ឋអាយុពី១៨ឆ្នាំ ឡើងទៅ រហូតដល់អស់អ្នកមកចាក់ នៅទីតាំង៨កន្លែង ទាំង៨ក្រុង/ស្រុក ដូចខាងក្រោម៖

* ក្រុងស្វាយរៀង ទីតាំងចាក់នៅមន្ទីរពេទ្យខេត្ត
* ក្រុងបាវិត ទីតាំងចាក់នៅមន្ទីរពេទ្យបង្អែកជីភូ
* ស្រុកស្វាយជ្រំ ទីតាំងចាក់នៅអនុសាខាកាកបាទក្រហមស្រុក
* ស្រុករមាសហែក ទីតាំងចាក់នៅការិយាល័យធម្មការស្រុក
* ស្រុករំដួល ទីតាំងចាក់នៅមណ្ឌលសុភាពថ្នាថ្នង់
* ស្រុកស្វាយទាប ទីតាំងចាក់នៅមន្ទីរពេទ្យបង្អែកស្វាយទាប
* ស្រុកកំពង់រោទិ៍ ទីតាំងចាក់នៅមណ្ឌលសុភាពញរ
* ស្រុកចន្ទ្រា ទីតាំងចាក់នៅមណ្ឌលសុភាព មេសថ្ងក៕