(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បន្តកិច្ចប្រជុំតាមប្រព័ន្ធ Zoom ជាមួយថ្នាក់ដឹកនាំ និងសមាជិក សកម្មជនដែលគ្របដណ្តប់លើខេត្តកណ្តាល ព្រៃវែង កំពង់ចាម និងត្បូងឃ្មុំ ដើម្បីពង្រឹងស្មារតី អនុវត្តផែនការយុទ្ធសាស្រ្ត ឆ្ពោះទៅកាន់ការបោះឆ្នោត២០២២-២០២៣ ក្រោមអធិបតីភាព លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា។

លោក អូស្មាន ហាស្សាន់ បានកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈចលនាគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ក្រោមខ្សែបណ្តោយរបស់គណៈចលនា ដែលជាសេនាធិការផ្ទាល់របស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ដែលតែងតែមានសកម្មភាពផុលផុស នៅតាមបណ្តាមូលដ្ឋានសហគមន៍ខ្មែរឥស្លាម។

ជាមួយគ្នានេះ លោកបានជំរុញឲ្យមានការយកចិត្តទុកដាក់ ក្នុងការរៀបចំជារបាយការណ៍មកថ្នាក់កណ្តាល នូវរាល់សកម្មភាពនានានៅមូលដ្ឋាន ដើម្បីធ្វើការតាមដានបច្ចុប្បន្នភាពការងារ កាន់តែមានប្រសិទ្ធភាព ជាពិសេសការក្តាប់ឲ្យបានកាន់តែច្បាស់លាស់ពីសមិទ្ធផលជាវិជ្ជមាននានា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសកម្មជនគណៈលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា៕