(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ វិទ្យាល័យ និងពុទ្ធិកសិក្សានៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ទន្ទឹមនឹងនេះ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា រួមនឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្ត សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចំពោះការបើកដំណើរ ការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបានបញ្ជាក់ថា មន្ទីរអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំបរិស្ថាន សាលា និងបន្ទប់រៀននីមួយៗ។ ប្រធានគ្រឹះស្ថានសិក្សានីមួយៗ ត្រូវគិតគូរឱ្យបានខ្ពស់អំពីអនាម័យបរិស្ថាន នៅក្នុងបរិវេណសាលារៀន និងការបង្រៀនរបស់សិស្សានុសិស្ស ដោយត្រូវធ្វើការបែងចែកវេនសិក្សារបស់សិស្សានុសិស្ស ឱ្យស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម៖