(បាងកក, ថៃ)៖ លោក Somsak Tepsuthin រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បានសន្យាទប់ស្កាត់ និងចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណា ដែលយកទឹកដីថៃ ធ្វើសកម្មភាពជេរប្រមាថថ្នាក់ដឹកនាំខ្មែរ ក៏ដូចជាធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ សកម្មភាពជេរប្រមាថ និងការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ជនមួយចំនួននោះ គឺជាការធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងកម្ពុជា និងថៃ។

ការសន្យារបសលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បានធ្វើឡើងតបតាមសំណើរបស់លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងឱកាសចូលជួបពិភាក្សាការងារនៅថ្ងៃចន្ទ ទី១៣ ខែកញ្ញា នៅវិមានព្រឹទ្ធសភាថៃ។

ក្នុងជំនួបនេះ លោកបណ្ឌិត សុខ សុក្រឹត្យា បានស្នើរដ្ឋមន្ត្រីយុត្តិធម៌ថៃ ជួយទប់ស្កាត់សកម្មភាពរបស់សកម្មជនក្រុមប្រឆាំងដែលកំពុងរស់នៅប្រទេសថៃ និងយកទឹកដីថៃ ធ្វើសកម្មភាពនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា និងជេរប្រមាថថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជាតាមបណ្តាញសង្គម និងបណ្តាញសារព័ត៌មានដែលមានប្រភពនៅក្នុងប្រទេសថៃ។

តបនឹងសំណើនេះលោក Somsak Tepsuthin បានលើកឡើងថា រាជរដ្ឋាភិបាលថៃ និងកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នា ហើយរាជរដ្ឋាភិបាលថៃ គ្មាននយោបាយគាំទ្រ ឬផ្តល់ទឹកដីឱ្យជនណាធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជានោះឡើយ។ លោកបានលើកឡើងទៀតថា ការធ្វើសកម្មភាពរបស់ក្រុមប្រឆាំងលើទឹកដីថៃ ជាការនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងកម្ពុជា-ថៃ។

«រាជរដ្ឋាភិបាលថៃ មិនអនុញ្ញាតឱ្យក្រុមប្រឆាំងណាមួយយកទឹកដីថៃទៅបម្រើរបៀបវារៈនយោបាយរបស់ខ្លួន ហើយធ្វើសកម្មភាពប្រឆាំង ឬជេរប្រមាថថ្នាក់ដឹកនាំខ្មែរនោះឡើយ។ យើងនឹងពិនិត្យលទ្ធភាព ហើយខិតខំទប់ស្កាត់នូវសកម្មភាពទាំងអស់នេះ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរឹងបំផុត»។ នេះជាការបញ្ជាក់របស់លោក Somsak Tepsuthin រដ្ឋមន្ត្រីយុត្តិធម៌ថៃ។

នៅក្នុងជំនួបពិភាក្សាការងារនេះ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានស្នើរដ្ឋមន្ត្រីយុត្តិធម៌ថៃ ពង្រឹង និងបង្កើនទំនាក់ទំនងរវាងកម្ពុជា-ថៃ ឲ្យកាន់តែល្អប្រសើ និងបានស្នើបន្តជំរុញ និងលើកកំពស់កិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និងកាន់តែមានប្រសិទ្ធភាពថែមទៀត ទៅលើផ្នែកច្បាប់ និងសន្តិសុខ។

សូមបញ្ជាក់ថា នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីយុត្តិធម៌របស់ថៃ, លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានជម្រាបអំពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងការអនុវត្តគោលការណ៍នីតិរដ្ឋយ៉ាងល្អប្រសើនៅកម្ពុជា ដែលបានធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពយ៉ាងពេញលេញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ជាពិសេសការទទួលបានជោគជ័យលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានឆ្លៀតជម្រាបរដ្ឋមន្ត្រីយុត្តិធម៌ថៃ ពីការទទួលបានមេដាយមាសសន្តិភាពពិភពលោក ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។ លោកបានលើកឡើងថា ការដែលសម្តេចតេជោ ទទួលបានមេដាយមាសសន្តិភាពពិភពលោកនេះ ជាមហាកិត្តិយសមួយសម្រាប់ប្រជាជន និងប្រទេសកម្ពុជា។

រដ្ឋមន្ត្រីយុត្តិធម៌ថៃ បានកោតសរសើរការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែលះបង់ចិត្តកាយ និងបេះដូងគិតគូរប្រជាជន និងប្រទេសជាតិជាធំ។ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើការសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានរំលឹកអនុស្សាវរីយ៍ក្នុងពេលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទស្សនកិច្ចនៅប្រទេសថៃកាលពីពេលកន្លងទៅ។ នៅពេលនោះ លោករដ្ឋមន្ត្រី គឺជាអ្នកទទួលភារកិច្ចថែរក្សាសុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជាយ៉ាងយកចិត្តទុកដាក់បំផុត។

លោករដ្ឋមន្ត្រី Somsak Tepsuthin បានវាយតម្លៃខ្ពស់លើនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ដែលនាំឱ្យកម្ពុជាមានសុខសន្តិភាព និងកំពុងបន្តការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន៕