(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងមន្ត្រីជាន់ខ្ពស់ត្រួតពិនិត្យគ្រឿងញៀនអាស៊ាន បានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់លើកទី៤២ ស្តីពីបញ្ហាគ្រឿងញៀន (42nd ASOD) នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ តាមរយៈតាមប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះ ប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ ដោយបន្តវេនពីប្រទេសឥណ្ឌូនេស៊ី ដែលមានតំណាងប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ានចូលរួម។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ នៃបណ្តារដ្ឋអាស៊ាន បានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់លើកទី៤២ ស្តីពីបញ្ហាគ្រឿងញៀន (42nd ASOD) តាមរបបប្រជុំទៀងទាត់មួយឆ្នាំម្តង ហើយផ្លាស់ប្តូរគ្នាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំលើកទី៤២នេះ និងជជែកពិភាក្សាទៅលើប្រធានបទរួមមាន៖

*ទី១៖ ផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចខិតខំប្រឹងប្រែងកម្រិតអន្តរជាតិតំបន់ និងថ្នាក់ជាតិក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។

*ទី២៖ ស្ថានការណ៍ថ្មីៗ វឌ្ឍនភាពថ្មីៗនៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍អាស៊ាន។

*ទី៣៖ សកម្មភាពកិច្ចប្រជុំ ASOD លើកទី៤១ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំ ASOD លើកទី៤១ លទ្ធផលនៃកិច្ចប្រជុំលើកទី១០ ក្រុមការងារអាស៊ានត្រួតពិនិត្យគ្រឿងញៀន នៅអាកាសយាន្តដ្ឋាន, AAITF ការត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំលើកទី១១ ក្រុមការងារអាស៊ាន ត្រួតពិនិត្យគ្រឿងញៀន នៅអាកាសយាន្តដ្ឋាន, AAITF លទ្ធផលនៃកិច្ចប្រជុំលើកទី៥ ក្រុមការងារអាស៊ាន ត្រួតពិនិត្យគ្រឿងញៀននៅកំពងផែសមុទ្រ, ASITF ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី៦ ក្រុមការងារអាស៊ាន ត្រួតពិនិត្យគ្រឿងញៀន នៅកំពង់ផែសមុទ្រ, លទ្ធភាពសកម្មភាពរបស់មជ្ឈមណ្ឌលអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន, កិច្ចប្រជុំបណ្តាញត្រួតពិនិត្យ គ្រឿងញៀន អាស៊ានលើកទី១០ និងលើកទី១១ និងបច្ចុប្បន្នភាពស្តីពី របាយការណ៍ត្រួតពិនិត្យគ្រឿងញៀនអាស៊ាន។

*ទី៤៖ ការពិនិត្យពាក់កណ្តាលអាណត្តិនៃផែនការការងារអាស៊ានស្តីពីសន្តិសុខសហគមន៍ប្រឆាំងគ្រឿងញៀនខុសច្បាប់ (២០១៦-២០២៥)។
*ទី៥៖ ការពិនិត្យពាក់កណ្តាលអាណត្តិផែនការអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ការផលិត និងការជួញដូរគ្រឿងញៀនខុសច្បាប់ក្នុង តំបន់ត្រីកោណមាស (២០២០-២០២២)។

*ទី៦៖ សំណើរបស់រុស្ស៉ី សម្រាប់សេចក្តីថ្លែងការណ៍របស់អាស៊ាន និងសហព័ន្ធរុស្ស៉ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហា និងប្រយុទ្ធប្រឆាំងគ្រឿងញៀនពិភពលោក, ដែលជាឯកសារលទ្ធផលសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៉ី លើកទី៤ នៅខែតុលា ឆ្នាំ ២០២១។

*ទី៧៖ ការរាយការណ៍អំពីបច្ចុប្បន្នភាពលើបញ្ហាដែលទាក់ទងទៅនឹងគណៈកម្មការរបស់អង្គការសហប្រជាជាតិស្តីពី គ្រឿងញៀន (CND)។
និងទី៨៖ ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន លើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន (AMMD)។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ពីបញ្ហាគ្រឿងញៀនលេីកទី៤៣ (ASOD 43rd) ឆ្នាំ២០២២ នឹងត្រូវរៀបចំនៅប្រទេសម៉ាឡេស៊ី៕