(ត្បូងឃ្មុំ)៖ រយៈពេល២ថ្ងៃនៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន) ជាកសិផលរបស់ខ្មែរដែលកំពុងជួបបញ្ហាទីផ្សារក្នុងការនាំចេញ ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រមូលទិញពីកសិករក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង រួចយកមកលក់ជូនពុកម៉ែបងប្អូននៅក្នុងខេត្តត្បូងឃ្មុំ ខណៈខេត្តដ៏ទៃផ្សេងទៀតក៏បានដឹកទៅលក់ដល់ដូចៗគ្នាផងដែរ។

ក្នុងយុទ្ធនាការជួយទីផ្សារកសិករដែលដាំផ្លែមៀនប៉ៃលិន នាំយកមកលក់នៅខេត្តត្បូងឃ្មុំនេះ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋបាលខេត្តត្បូងឃ្មុំ ហើយផ្លែមៀនទាំងនេះ ត្រូវបានដាក់លក់នៅទីតាំងរង្វង់មូល មុខសាលាខេត្ត ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

ដោយមានការចូលរួមសហការយ៉ាងល្អពីសំណាក់មន្ត្រីរាជការសាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត យុវជន ស.ស.យ.ក ពិសេសបងប្អូនប្រជាពលរដ្ឋ នៅចាំជួយទិញយ៉ាងច្រើនកុះករ ផ្លែមៀនប៉ៃលិន ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកមកលក់ជូនប្រជាពលរដ្ឋចំនួនប្រមាណ៤៥តោន ក្នុងតម្លៃខាតដើមត្រឹមតែ១.៩០០រៀល ក្នុង១គីឡូក្រាម គឺត្រូវបានលក់ដាច់អស់គ្មានសល់។

ការលក់ខាតដើមនេះ អ្នកឧកញ៉ា បានប្រមូលទិញពីកសិករក្នុងតម្លៃ១៩០០រៀល ក្នុង១គីឡូក្រាម ហើយលក់ចេញវិញត្រឹមតែ ១៩០០រៀល ក្នុងមួយគីឡូក្រាមដដែរ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា ចំពោះការដឹកជញ្ជូនផ្លែមៀនពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង តាមរថយន្តមកលក់ក្នុងតម្លៃខាតដើម ជូនប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ក៏ដូចជាតាមបណ្តាខេត្តនានានេះ គឺដើម្បីឱ្យអ្នករស់នៅ ទីនោះបានភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃផ្លែឈើខ្មែរយើងផង និងបានរួមចំណែកជួយរំលែកទីផ្សារក្នុងស្រុក ក្នុងទិសស្លោកដែលមិនអាចបំភ្លេចបានគឺ «ខ្មែរជួយខ្មែរ ក្នុងគ្រាលំបាក» ខណៈដែលស្ថិតក្នុងវិបត្តិការរីករាលដាលជំងឺកូវីដ១៩ កសិផលធម្មជាតិរបស់ប្រជាកសិករខ្មែរមួយប្រភេទនេះ កំពុងខ្វះទីផ្សារនាំចេញទៅក្រៅប្រទេស។

សូមជម្រាបថា កាលពីចុងខែសីហាកន្លងទៅ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានអញ្ជើញទទួលផ្លែមៀនប៉ៃលិន (ផ្លែតាង៉ែន) ចំនួន ៥តោន ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រមូលទិញពីកសិករ នាំយកមកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីទុកចែកជូនដល់មន្ត្រីជួរមុខ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្តផងដែរ៕