(កំពត)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានណែនាំដល់នាំសមាជិក សមាជិកា ត្រូវធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែង ក្នុងការអនុវត្តន៍ការងារ ដែលគណបក្សបានដាក់ជូនដោយឈរលើគោលនយោបាយរបស់គណបក្សឱ្យបានល្អប្រសើរ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការបំរើផលប្រយោជន៍ប្រជាជននៅតាមមូលដ្ឋាន ព្រមទាំងចុះស្វែងយល់ពីទុក្ខលំបាក និងរកដំណោះស្រាយជូនប្រជាជន និងឱ្យប្រជាពលរដ្ឋទទួលបានទំនុកចិត្ត ពីរជួរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

ការណែនាំបែបនេះ របស់លោក ជាវ តាយ បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការគណបក្សខេត្ត ស្តីពីលទ្ធផលការងារខែសីហា ឆ្នាំ២០២១ និងទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២១ របស់គណបក្សក្រុង ស្រុកទាំង៩។ កិច្ចប្រជុំនេះប្រព្រឹត្តឡើង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត។ ដោយចូលរួមពីជួរថ្នាក់ដឹកនាំសមាជិក សមាជិការបក្សគ្រប់ស្ថាប័ន ក្នុងខេត្តប្រមាណ៩០រូប។

នាឱកាសនោះដែរ លោក ជាវ តាយ បានបន្តថា គោលនយោបាយនានារបស់បក្សក៏ដូចជារាជរដ្ឋាភិបាលដែលបានដាក់ចេញ ដោយឈរលើស្មារតីអនុវត្តទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតែងតែគិតគូរជានិច្ចនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នោះការបោះឆ្នោតនឹងឆ្ពោះទៅទទួលបានជ័យជំនះ និងជោគជ័យជាក់ជាមិនខានពាក់ព័ន្ធលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ខាងមុខនេះ។

ទន្ទឹមនេះ លោក ជាវ តាយ ក៏បានជំរុញបន្ថែមដល់ ប្រធានគណបក្សក្រុង-ស្រុកទាំង៩ ត្រូវជួសជុលអោយបានល្អ ពិសេសសាងសង់ទីស្នាក់ការគណបក្សនៅតាមឃុំ សង្កាត់ អោយបានឆាប់រហ័ស និងត្រូវរៀបចំជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យបានត្រឹមត្រូវ និងមានតម្លាភាព ជៀសវាងការកើតមានភាពមិនប្រក្រតី។

លោក ជាវ តាយ ក៏បានជំរុញដល់គណបក្សស្រុក ក្រុង ត្រូវត្រួតពិនិត្យនិងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណ ដល់ប្រជាពលរដ្ឋដែលមិនទាន់មាន ដើម្បីបានប្រើប្រាស់សម្រាប់ការបោះឆ្នោតខាងមុខ។ ជាងនេះទៀត សមាជិក សមាជិកា គណបក្សគ្រប់ជាន់ថ្នាក់ក្នុងខេត្តទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយអំពីវិធានសុវត្តិភាពផ្សេងៗ របស់ក្រសួងសុខាភិបាល ក៏ដូចជាការដាក់ចេញ របស់សម្តេចតេជោ ប្រធានគណបក្ស ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

គួររំលឹកថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្សខេត្តខាងលើ ក៏មានការផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការសម្រួល និងតែងតាំងមន្ត្រីគណបក្ស, ពិនិត្យរបាយការណ៍ចំណូល របស់គណបក្សខេត្តខែសីហា, ផ្សព្វផ្សាយប្រតិទិន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២១ របស់ គ.ជ.ប, និងលិខិតបទដ្ឋានផ្សេងៗ ផងដែរ៕