(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធខេត្តបន្ទាយមានជ័យ បានត្រៀមកម្លាំង សម្ភារ និងឧបករណ៍នានារួចជាស្រេច ដើម្បីចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងរដូវវស្សា។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំថ្នាក់ដឹកនាំមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ក្នុងខេត្ត ប្រជុំវាយតម្លៃការងារប្រឡងប្រណាំង យកស្នាដៃឆ្នើមក្នុងការបំពេញការងារ តួនាទី-ភារកិច្ចជូនជាតិមាតុភូមិ ក៏ដូចអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសម្រាប់ឆ្នាំ២០២១។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំទទួលជំនាញ និងមូលដ្ឋានក្រុង-ស្រុក ទាំងអស់ត្រូវជំរុញកម្លាំងក្រោមឱវាទឱ្យខិតខំបន្ថែមទៀតក្នុងការបំពេញតួនាទី-ភារកិច្ច របស់ខ្លួនតាមថ្នាក់លើប្រគល់ជូន ។

លោកមេបញ្ជាការ បានបន្ថែមទៀតថា កម្លាំងកងរាជអាវុធហត្ថទាំងអស់នៅតែបន្តគោរព និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនបំផុតចំពោះមេរោគកូវីដ១៩ និងជំងឺកាចសាហាវផ្សេងទៀត ក្នុងពេលបំពេញការងារ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានផ្សព្វផ្សាយសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីករណីរថយន្តជ្រកក្រោមផ្លាកលេខកងយោធពលខេមរភូមិន្ទ ឱ្យចូលទៅបង់ពន្ធអាករនាំចូល និងកែចង្កូតពីស្ដាំមកឆ្វេងផងដែរ។

លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់មេបញ្ជាការមូលដ្ឋានទាំង៩ ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំជំរុំជម្រកទ័ព និងសម្ភារបរិក្ខាឱ្យបានល្អ និងនាំគ្នាដាំដុះ ចិញ្ចឹមសត្វដើម្បីបំពេញតម្រូវការហូបចុករបស់កងកម្លាំង និងត្រៀមជាស្រេច ដើម្បីចុះជួយពលរដ្ឋដែលជួបនៅគ្រោះធម្មជាតិក្នុងពេលខាងមុខនេះ៕