(ប៉ៃលិន)៖ ដោយអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន, លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត មន្រ្តីរាជការ មន្ទីរអប់រំខេត្ត មន្ទីរសុខាភិបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរក្រុង ស្រុក ចុះពិនិត្យសាលារៀនមួយចំនួននៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ត្រៀមឱ្យសិស្សានុសិស្សចូលរៀននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ។

លោកស្រី បាន ស្រីមុំ បានលើកឡើងថា លោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ មើលការខុសត្រូវលើសិស្សានុសិស្សទាំងអស់តាមសាលារៀងៗខ្លួន ធ្វើយ៉ាងណាកុំឱ្យសាលារៀនដែលបើកបង្រៀនហើយ ត្រូវបិទវិញម្តងទៀត ដោយសារការឆ្លងជំងឺកូវីដ១៩ គឺត្រូវអនុវត្តតាមវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋភិបាល និងធ្វើតាមការណែនាំនានារបស់ក្រសួងសុខាភិបាល គឺលាងដៃជាមួយទឹកអាល់កុល ឬជែល ត្រូវឱ្យសិស្សពាក់ម៉ាស ជាប់ជានិច្ច មិនត្រូវឱ្យ ចេញលេងជួបជុំគ្នានោះឡើយ។

លោកស្រីអភិបាលខេត្ត បានបន្តថា ចាប់ពីថ្ងៃបើកឱ្យដំណើរការចូលរៀនសារជាថ្មីឡើងវិញ ទាំងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាដើម បើសិនជាលោកគ្រូ អ្នកគ្រូ ឬគណ:គ្រប់គ្រងនៃសាលារៀនណាមួយ នៅទូទាំងខេត្ត ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយរៀបចំកែច្នៃទីធ្លាសាលារៀន ដែលជាសម្បត្តិរដ្ឋឱ្យក្លាយទៅជាកន្លែងមានរបៀបរៀបរយល្អ ជាពិសេសមានសោភ័ណភាព ស្រស់ស្អាតជាងគេ ទទួលបានជ័យលាភី ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងខេត្ត នឹងទទួលបានពានរង្វាន់ពីរដ្ឋបាលខេត្ត ចាប់ពី១០ ទៅ២០លានរៀល ហើយបើសាលារៀនលើសពីមួយកន្លែង រៀបចំបានស្អាតបាតល្អដូចៗគ្នា ទទួលបានចំណាត់ថ្នាក់លេខ១ដូចគ្នា បានរង្វាន់ដូចៗគ្នាផងដែរ។

ជាមួយគ្នានេះលោកស្រីក៏បានក្រើនរំលឹកថា មិនត្រូវឱ្យអ្នកគ្រប់គ្រងសាលា កាត់ថវិកាពីលោកគ្រូ អ្នកគ្រូ ដើម្បីយកទៅទិញសម្ភារសាលារៀននោះឡើយ បើពិតជាខ្វះខាតមែន អាចទាក់ទងទៅខាងរដ្ឋបាលខេត្ត ចុះពិនិត្យជាក់ស្តែង អាចជួយឧបត្ថម្ភ ទាន់ពេលវេលា។ លើសពីនេះ ល្គិកណាលោកស្រីជាអភិបាលខេត្ត គឺមិនត្រូវឱ្យគណៈគ្រប់គ្រង ឬនាយកសាលាណាមួយប្រព្រឹត្តនូវអំពើពុករលួយនោះឡើយ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បានឱ្យដឹងថា នៅទូទាំងខេត្តប៉ៃលិន មានគ្រឹះស្ថានអប់រំរបស់រដ្ឋមានចំនួន៥៧កន្លែង ខណៈគ្រឹះស្ថានអប់រំឯកជន មានចំនួន១២កន្លែង។ ដោយឡែក សម្រាប់ការបើកដំណើរការគ្រឹះស្ថានអប់រំឡើងវិញនេះ មានសាលារៀនមួយចំនួនដូចជា៖ អនុវិទ្យាល័យ និងបឋមសិក្សាបរយ៉ាខា អនុវិទ្យាល័យ និងបឋមសិក្សាប៉ាងរលឹម អនុវិទ្យាល័យ ហ៊ុន សែន អូរដូនតា បឋមសិក្សាដីស បឋមសិក្សាផ្ទះស្បូវ បឋមសិក្សាកូនដំរី ឯសាលាមួយចំនួនទៀត ដែលនៅសេសសល់ និងត្រូវសិក្សាពិនិត្យស្ថានភាពជាក់ស្តែងបើកឱ្យដំណើរការជាបន្តបន្ទាប់៕