(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលអំណោយជាថវិកា និងស្បៀងអាហារពីក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ ទុកផ្តល់ជូនដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការ នៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីចូលរួមអបអរសាទរនាឱកាសពិធី បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

លោក ឃួង ស្រេង បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ដែលបានផ្តល់អំណោយដ៏ច្រើនេះ ហើយទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងជួរមុខ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងពង្រឹងខឿនការពារជាតិឱ្យបានរឹងមាំ ស្របតាមនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ឃួង ស្រេង បានបន្ថែមថា អំណោយដែលក្រុមហ៊ុនបានឧបត្ថម្ភរួមមាន៖ ថវិកា ២០លានរៀល អង្ករ ២តោន មីចំនួន ៣០០កេសតូច, ត្រីខ ចំនួន ២០០កេសតូចនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងយកចុះសួរសុខទុក្ខ ដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតំបន់ប្រាសាទ ព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដើម្បីចូលរួមអបអរសាទរនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ៕